(អេក្វាទ័រ)៖ ប្រធានាធិបតីនៃប្រទេសអេក្វាទ័រលោក Rafael Correa បានថ្លែងឲ្យដឹងនៅមុននេះបន្ដិចថា ចំនួនអ្នក​ស្លាប់​ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ បានកើនឡើងដល់ ៥៧០នាក់ ខណៈដែលមនុស្សជាង ២១,០០០នាក់ កំពុងត្រូវការជម្រកស្នាក់នៅជាបន្ទាប់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AP ចេញផ្សាយ​ Update នៅថ្ងៃទី២១ ខែមេសា។

លោកប្រធានាធិបតីក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ចាប់ពីពេលនេះតទៅ ការបង់ពន្ធសម្រាប់មហាសេដ្ឋី និង​ពួកអ្នកជំនួញនឹងត្រូវតំឡើងថ្លៃ ហើយសម្រាប់អ្នកដែលមានប្រាក់​ចំណូលលើសពី ១,០០០ដុល្លារអាមេរិក នឹង​ត្រូវ​កាត់​​យកថ្លៃឈ្នួលប្រាក់ខែក្នុងមួយថ្ងៃ មកចូលរដ្ឋដើម្បីធ្វើការស្ថាបនា និងកសាងប្រទេសឡើងវិញ។

គួរបញ្ជាក់ផងដែរថា នៅក្នុងរយៈពេល ៧ថ្ងៃកន្លងទៅនេះ ប្រទេសអេក្វាទ័របានរងនូវគ្រោះរញ្ជួយដី​ចំនួនពីរលើក ដោយ​នៅថ្ងៃទី១៦ ខែមេសា បានកើតឡើងម្ដងក្នុងកម្រិត ៧,៨រ៉ិចទ័រ និងម្ដងទៀតនៅថ្ងៃទី២០ ខែមេសាម្សិលមិញនេះ៕