(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីត​យុទ្ធជនខេត្ត​កំពង់ធំ និងជា​មេបញ្ជាការតំបន់​ប្រតិបត្តិការសឹក​រងកំពង់ធំ អមដំណើរ​ដោយ លោក សោម សុភាវុធ មេបញ្ជាការង ដឹកនាំយោធិន​ក្រោមឱវាទ ចុះសាងសង់ផ្ទះមួយខ្នង​ទំហំ៦គុណ៧ម៉ែត្រ ប្រកស័ង្កសី ព្រមទាំងបានប្រគល់ជូន​គ្រួសារជនពិការ អតីតយុទ្ធជន ស្ថិតនៅក្នុងភូមិ​ក្រសាំងក ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី​២០ ខែ​មេសា ឆ្នាំ ២០១៦។

លោក សំ សុផល ហៅគ្រុយ ជាជនពិការ​ក្នុងសម័យ​សង្រ្គាម អាយុ៤២ឆ្នាំ ប្រពន្ឋឈ្មោះលៀង អំ អាយុ៣៧ឆ្នាំ មានកូន៤នាក់ ស្រី២នាក់ ប្រុស២នាក់  ប្រកបមុខរបរធ្វើស្រែ ចិញ្ចឹមសត្វ​បន្តិចបន្តួច មានជីវភាពខ្វះខាត មិនអាចសាងសង់​លំនៅដ្ឋាន​បានសមរម្យ។ គ្រួសារនេះរស់នៅក្នុងខ្ទមកំសត់ លោក សំ សុផល បានអោយដឹងថា លោកអតីតយោធិន នៅកងពលធំលេខ៥ ឈរជើងនៅ​ក្រយាសាគ្រាម​ ស្រុកប្រាសាទ​បាល័ង្គ ខេត្តកំពង់ធំ បានពិការនៅឆ្នាំ១៩៩៣ ត្រូវមីនដាច់ជើង​ខាងស្តាំត្រឹមភ្លៅ បច្ចុប្បន្នបើកប្រាក់​ខែ​៣១៨,០០០រៀល ពេលនេះបានទទួលផ្ទះ មួយខ្នង ពីឧត្តមសេនី យ៍ត្រី សោម ស៊ុន ដែលមានទំហំ៦គុណ៧ម៉ែត្រ។

លោក ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌​មានថា មានគ្រួសារអតីត​យុទ្ធជន ដែលមានជីវភាព​ខ្វះខាត និងមានប្រវត្តតស៊ូ​ក្នុងសម័យ​សង្រ្គាម បណ្តាលឲ្យពិការ ក៏បាន​គៀងគរ សម្បុរសជន និងយោធិន​ស្ម័គ្រចិត្ត បានទិញជាឈើ ស័ង្កសីធ្វើជាផ្ទះជូនដល់គ្រួសារ​អតីតយុទ្ធជន និងបានប្រគល់ ជូនក្នុងថ្ងៃនេះ​មានផ្ទះមួយខ្នង ទឹកស៊ីអ៉ីវ២យួរ ត្រីខ១យួរ សារុង១សម្រាប់ ទឹកត្រី​២យួរ មី១កេស អង្ករមួយបេ និងថវិការ១០ម៉ឺនរៀល តម្លៃសារុបនៃការសាងសង់អស់ទឹកប្រាក់ ៨,៦១៨,០០០រៀល ។

លោក សោម ស៊ុន បានអោយដឹងថា សកម្មភាពមនុស្សធ៌មនេះ ដោយមានការគាំទ្រ និងមានការយកចិត្តទុកដាក់ពីសំណាក់ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ជម្រុញឲ្យអាជ្ញាធរ និងកងកម្លាំង យកចិត្តទុកដាក់មកលើ អតីតយុទ្ធជន ជនពិការ មន្រ្តីចូលនិវត្ត ដោយមិនអាចរំលោងបាន ព្រោះសមគមអតីតយុទ្ធជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជាជា​ប្រធាន ដែលសម្តេចតែងតែគិតគូរ និងផ្តល់គុណ​តំលៃបំផុត​ចំពោះអតីត​យុទ្ធជន ព្រោះបើគ្មានអតីត​យុទ្ធជនក៏គ្មានថ្ងៃនេះដែរ៕