(ភ្នំពេញ)៖ ដោយមានគំនិតផ្តួចផ្តើមពីសមាគមជប៉ុននៅកម្ពុជា ការតាំងពិព័រណ៍ដ៏ធំរបស់ជប៉ុនឆ្នាំ២០២១ (Japan Fair 2021) ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ ដោយមានការអញ្ជើញជាអធិបតីដោយ លោក Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅផ្សារទំនើបផ្សារទំនើបអ៉ីអន ភ្នំពេញ (អ៉ីអន១)។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បញ្ជាក់ថា ពិព័រណ៍ជប៉ុនឆ្នាំ២០២១ រៀបចំឡើងដោយមានគោលបំណងស្តារឡើងវិញ នូវសកម្មភាពរបស់សហគមន៍ជប៉ុននៅកម្ពុជា ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩។ នៅក្នុងពិព័រណ៍នេះ មានការចូលរួមពីបណ្តាក្រុមហ៊ុនជប៉ុនធំៗជាច្រើន មន្ទីរពេទ្យ និងអង្គការនានានៅក្នុងប្រទេសកម្ពុជា។
ចំពោះផលិតផល និងសេវាកម្មដែលដាក់តាំងបង្ហាញរួមមាន អាហារ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ វត្ថុអនុស្សាវរីយ៍ និងសេវាកម្មផ្សេងៗ។ លើសពីនេះ នៅមានសកម្មភាពកម្សាន្តជាច្រើនទៀតនៅលើវេទិកា ជាពិសេសគឺការបង្ហាញពីវិធីកាត់ត្រីធូណាទម្ងន់ ៦៥គីឡូក្រាម បង្ហាញជូនសាធារណជនបានទស្សនាដោយផ្ទាល់ និងភ្លក់រសជាតិ។
យោងតាមសមាគមជប៉ុននៅកម្ពុជា ពិព័រណ៍ Japan Fair 2021 ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកសមាគមជប៉ុននៅកម្ពុជា គឺសង្ឃឹមថា នឹងចូលរួមចំណែកក្នុងការលើកកម្ពស់អាជីវកម្មជាច្រើន ដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ១៩ ឲ្យត្រឡប់មកប្រសើរវិញ។
«សូមអញ្ជើញចូលរួម និងបន្តសកម្មភាពរបស់បងប្អូននៅក្នុងគន្លងថ្មីនេះ។ សកម្មភាពទាំងអស់នេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនជប៉ុននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុនបន្ថែមទៀតផងដែរ»។ នេះបើតាម សេចក្តីប្រកាសព័ត៌មានដដែល។
គួរជម្រាបផងដែរថា Japan Fair 2021 មិនត្រឹមតែជាព្រឹត្តិការណ៍ដែលប្រព្រឹត្តិទៅផ្ទាល់នៅអ៉ីអន១ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគ្រោងដាក់បញ្ចូលនូវសកម្មភាពអនឡាញជាច្រើន សម្រាប់ការបង្ការការឆ្លងមេរោគ Corona ហើយនោះគឺជាបែបបទថ្មីនៃការធ្វើព្រឹត្តិការណ៍ពិព័រណ៍នៅក្នុង «គន្លងថ្មី» និង «ជាមួយ COVID»៕