(ភ្នំពេញ)៖ ជារឿយៗ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន តែងតែធ្វើការក្រើនរំលឹក និងពេលខ្លះ បានប្រើភាសាព្រមានធ្ងន់ៗ ដល់មន្ត្រីថ្នាក់ក្រោម ឲ្យយកចិត្តទុកដាក់ចំពោះតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរ។ គិតរាប់តាំងពីរឿងកុងត្រូលជជុះ រឿងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ រឿងព្រៃឈើ រឿងនេសាទ ។ល។ និង។ល។ មន្ត្រីខ្លះប្រៀបបាននឹងចន្លុះទាល់តែយកឈើឆ្កឹះទើបភ្លឺ ពោលគឺទាល់តែនាយករដ្ឋមន្ត្រី ស្រែកទើបស្ទុះ។

ថ្មីៗនេះទៀតសោត! បន្ទាប់ពីនាយករដ្ឋមន្ត្រី ស្រែករឿងផ្លូវខូចមិនជួសជុល គេក៏ឃើញការដ្ឋានជួសជុលផ្លូវគ្រប់ច្រកល្ហកក្នុងរាជធានីភ្នំពេញ។ មើលទៅលើរឿងទឹកវិញ! ចាប់តាំងពីឆ្នាំចាស់រហូតចូលដល់ឆ្នាំថ្មី! រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងគិតគូរដោះស្រាយបញ្ហាទឹកជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទាំងទឹកប្រើ ប្រាស់សំរាប់ការងារបង្កបង្កើនផល ទាំងទឹកសំរាប់ប្រើប្រាស់ប្រចាំថ្ងៃ ដោយបានប្រើប្រាស់គ្រប់លទ្ធភាពរួមមាន ការថែររក្សាទឹកទុកតាមបណ្តាអាងទឹក ការងារអន្តរាគមន៍បូមទឹកបញ្ចូលអាងបំរើដល់ការងារស្រូវប្រាំងរហូតដល់ការងារបង្កបង្កើនផលសំរេចបានតាមផែនការកំណត់។

ទន្ទឹមនោះដោយពិនិត្យឃើញថាអាកាសធាតុមិនអំណោយផលពោលគឺភ្លៀងតិច រាជរដ្ឋាភិបាល បានចេញសារាចរ ណែនាំដោយមិនអនុញ្ញតធ្វើស្រែប្រាំងជាលើកទី២ ជាដើម តែមន្ត្រីថ្នាក់ក្រោមមួយចំនួននៅតែធ្វើមិន ដឹងមិនឮ, ប្រភពទឹកមួយចំនួននៅតែត្រូវបានលួចបើកបង្ហូរទឹកដើម្បីបំរើឲ្យការកំសាន្តសប្បាយ ...។ល។ កត្តានេះក៏ជាហេតុមួយបណ្តាលមូលដ្ឋានមួយចំនួនជួបនូវកង្វះខាតទឹក។

ខ្វះទឹកប្រើប្រាស់! តំបន់ខ្លះប្រភពទឹកនៅក្នុងភូមិស្រុកត្រូវរីងខះ អ្នកស្រុក បានធ្វើដំណើរ ៨-៩ ឬ១០ គីឡូម៉ែត្រ ដើម្បីទៅដឹកទឹកយកមកប្រើ ទិដ្ឋភាពនេះវាផ្ទុយស្រឡះពីតំបន់មួយចំនួនទៀត ដែលប្រភពទឹកនៅជិតបង្កើយ តែមិនខ្ចីរវល់ រងចាំគេយកទឹកមកចែកឲ្យប្រើប្រាស់។

បើនិយាយពីរដ្ឋាករទឹក ឬសិប្បកម្មផលិតទឹកស្អាតវិញ រឹតតែម្យ៉ាងទៅទៀត! ម្យ៉ាងត្រង់ថា បើមានទឹកក៏បូមទឹកលក់យកលុយទៅ តែបើប្រភពទឹកនៅជិតអស់ក៏សំងំដេកទៅ ត្រង់ថា មានចិត្តជួយគ្នាស្វះស្វែងរកប្រភពទឹកមកពីកន្លែងផ្សេងដើម្បីបន្តការផលិត កុំសង្ឃឹម! ឱខ្មែរ ! ឱមន្ត្រីខ្មែរ ! ឱអាជីវករខ្មែរ !.... មួយចំនួនអើយ ! តើពេលណាទើបអ្នកភ្ញាក់រលឹក ចេះទទួលខុសត្រូវចំពោះតួនាទីភារកិច្ចរបស់ខ្លួន ឬចាំតែតេជោ ស្រែក?