(ភ្នំពេញ)៖ ប្រតិភូ គ្រូបង្វឹក និងម្ចាស់មេដាយមាស ស៊ន សៀវម៉ី បានធ្វើដំណើរមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់បេសកកម្ម ប្រកួតជម្រុះកីឡាអូឡាំពិករដូវក្តៅ ឆ្នាំ២០១៦ នៅប្រទេសហ្វីលីពីន ដោយបានពាំនាំ មេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿង និងមេដាយសំរឹទ្ធ១គ្រឿងមកជាមួយផងដែរ នៅព្រលានយន្តភ្នំពេញអន្តរជាតិ នៅវេលាម៉ោង០១៖៤០នាទីរសៀល​ ថ្ងៃទី២១ ខែមេសានេះ។

ភ្នាក់ងារ Fresh News បានរាយការណ៍ពីព្រលានយន្តហោះមកថា ប្រតិភូ គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង ឆយ យ៉ុងសុក និងកីឡាការិនី ស៊ន សៀវម៉ី និង ឈឿង ពុទ្ធារីម ទទួលបានការរាក់ទាក់ និងស្វាគមន៍យ៉ាងកក់ក្តៅពី សំណាក់រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយក ដ្ឋានអប់រំកាយ និងកីឡា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មុនដង្ហែទៅជួប សំណេះសំណាលជាមួយនឹងលោក ថោង ខុន ប្រធាន NOCC និងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍។

សូមរំលឹកជាថ្មីម្តងទៀត កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដែលមានវ័យទើបតែជាង២០ឆ្នាំ បានឈ្នះកៅអីមួយទៅប្រកួតកីឡាអូឡាំពិកពិភពលោក ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល ក្រោយផ្តួលកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីននៅវគ្គ ផ្តាច់ព្រ័ត្រក្នុងវគ្គជម្រុះកីឡាអូឡាំពិកកាលពីថ្ងៃទី១៦ មេសា និង២ថ្ងៃក្រោយនាងបានឈ្នមេដាយប្រាក់១គ្រឿងទៀត នៃការប្រកួតកីឡាតេក្វាន់ដូ ជើងឯកប្រចាំទ្វីបអាស៊ី នៅហ្វីលីពីនដូចគ្នា ខណៈដែលឆ្នាំ២០១៥ នាងឈ្នះមេដាយមាស នៅប្រទេសកូរ៉េខាងត្បូង៕

ជាបន្ត សូមទស្សនាកម្រងរូបភាពជាច្រើន​ មានដូចខាងក្រោម៖