(ភ្នំពេញ)៖ ក្រោយមានការបង្ហោះរូបភាពចែកចាយព័ត៌មាន លើកបណ្តាញសង្គម facebook និងមានការជជែកវែកញែកជាច្រើនទាក់ទងនឹងរឿងរថយន្ត២គ្រឿង ម៉ាក Hyundai Venue និងរថយន្ត Lexus Nx 200t បានបើកបរលើដងផ្លូវដោយបានប្រើប្រាស់ផ្លាកលេខ «ភ្នំពេញ 2AQ-1333» ដូចគ្នា លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ក្រោយធ្វើការស្រាវជ្រាវរកឃើញថា រថយន្ត Lexus Nx 200t ជារថយន្តដែលបាន បំពាក់ផ្លាកលេខ មិនស្របច្បាប់។

លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យភ្នាក់ងារសារព័ត៌មាន Fresh News ដឹងនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះថា «ក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ខ្ញុំសូមធ្វើការឆ្លើយបំភ្លឺចំពោះផ្លាកលេខរថយន្ត «ភ្នំពេញ 2AQ-1333» ដូចជា៖ រថយន្ត Hyundai Venue បានចុះបញ្ជីប្រើប្រាស់ផ្លាកលេខស្របច្បាប់ ក្នុងឆ្នាំ២០២១ ចំណែករថយន្ត Lexus Nx 200t គឺជារថយន្តបំពាក់ផ្លាកលេខមិនស្របច្បាប់/ក្លែងក្លាយ ដែលផ្ទុយពីខ្លឹមសារនៃអនុក្រឹត្យស្តីពី ការចុះបញ្ជីផ្តល់បណ្ណសម្គាល់ យានជំនិះ និងបំបាក់ផ្លាកលេខសម្គាល់យានជំនិះ https://mpwt.gov.kh/kh/documents/sub-decree/287»

អ្នកនាំពាក្យវ័យក្មេងលោក ហ៊ាង សុទ្ធាយុត្តិ បានបន្ថែមថា ក្រោយរកឃើញដូចនេះក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធ ទាំងផ្នែកគយ ផ្នែកពន្ធដារ និងមន្ត្រីចរាចរណ៍ផ្លូវគោករួចរាល់ហើយ ដើម្បីឱ្យមន្ត្រីជំនាញចាត់វិធានការទៅតាមផ្លូវច្បាប់។

លោក ហ៊ាង សុទ្ធាយុត្តិ បានបញ្ជាក់ទៀតថា នៅក្នុងយុគសម័យឌីជីថលនេះ ទង្វើទាំងឡាយណាដែលមិនស្របច្បាប់ ពិតជាមិនអាចគេចវេស ឫលាក់លៀមបានទេ គឺសុទ្ធតែប្រឈមនឹងការអនុវត្តន៍វិធានច្បាប់ដោយមន្ត្រីជំនាញទាំងអស់ ដោយសារបច្ចុប្បន្ននេះមន្ត្រីជំនាញសុទ្ធតែបានប្រើប្រាស់នូវប្រព័ន្ធឌីជីថល សម្រាប់ការទំនាក់ទំនង សម្រាប់ការគ្រប់គ្រង និងការប្រើប្រាស់ដើម្បីផ្ទៀងផ្ទាត់ទៅលើគល់បញ្ជីរ ដែលបានផ្តល់ភាពងាយស្រួល និងឆាប់រហ័សបំផុតដល់ការអនុវត្តន៍ច្បាប់របស់កម្លាំងសមត្ថកិច្ច រាល់ការរាយការណ៍របស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះអ្នកនាំពាក្យរូបនេះ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវយករថយន្តរបស់ខ្លួនទៅធ្វើការចុះបញ្ជីរប្រើប្រាស់ឱ្យបានស្របច្បាប់ ចំពោះរថយន្ត ដែលមានបង្កាន់ដៃបង់ពន្ធនាំចូលរួចហើយ និងចំពោះរថយន្តដែលមិនទាន់បានបង់ពន្ធអាករ ជាមួយអគ្គនាយកគយ សូមអនុវត្តទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងយកមកចុះបញ្ជីឱ្យបានត្រឹមត្រូវមុននឹងយកទៅប្រើប្រាស់៕