(​អេក្វាទ័​រ​)៖ ចំនួន​មនុស្ស​ស្លាប់​ដែល​បាន​បង្កឡើង​ដោយ​គ្រោះធម្មជាតិ​រញ្ជួយ​ដី​វាយប្រហារ​ប្រទេស​អេក្វាទ័រ​នោះ បាន​កើនឡើង​ដល់ ៥៨៧​នាក់ ហើយ​ក្នុងចំណោម​នោះ ២៧​នាក់​គឺជា​ជនបរទេស ខណៈ​មនុស្ស ៥,៧៣៣​នាក់​រងរបួស និង ១៦៣​នាក់​ទៀត​បន្ត​បាត់​ខ្លួន​។​
​នេះ​បើ​តាម​ការចេញផ្សាយ​មុន​នេះ​បន្តិច ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា ឆ្នាំ​២០១៦​។​

​តាម​របាយការណ៍​ពី​រដ្ឋាភិបាល​អេក្វាទ័រ​ឲ្យដឹងទៀតថា សាកសព ៥៣៩​នាក់​ហើយ​ត្រូវបាន​គេ​កំណត់ អត្តសញ្ញាណ​រួចរាល់ ដោយឡែក​នៅ ៤៨​នាក់​ទៀត ក្រុម​ជំនាញ​កំពុងតែ​ធ្វើ​ត្រួតពិនិត្យ​បន្ត​។ ដោយឡែក​សម្រាប់​ជនបរទេស​ដែល​បាន​ស្លាប់​ទាំង ២៧​នាក់​នោះ​មាន ជនជាតិ​កូឡុំប៊ី ១០​នាក់​, គុយបា ០៦​នាក់​, កាណាដា​ពីរ​នាក់​, ដូមី​ណីក ពីរ​នាក់​, អង់គ្លេស ពីរ​នាក់​, អ៊ីតាលី ជាមួយនឹង​អាល្លឺម៉ង់ បារាំង អៀរ​ឡង់ ម្នាក់ៗ​ដូចគ្នា​, និង​ម្នាក់​ទៀត​នៅ​កំពុង​ត្រូវ​គេ​កំណត់​អត្តសញ្ញាណ​នៅឡើយ​៕​