(ភ្នំពេញ)៖ លោក លី សុផាណា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា តុលាការនឹងឆ្លើយតបចំពោះសំណើរបស់មេធាវី នៅ៥ថ្ងៃក្រោយដាក់ពាក្យ ពាក់ព័ន្ធសំណើសុំឱ្យ លោក អ៊ុំ សំអាន នៅក្រៅឃុំ។

តំណាងអយ្យការ លោក លី សុផាណា បានបញ្ជាក់បែបនេះ បន្ទាប់ពីមេធាវីគណបក្សសង្រ្គោះជាតិ លោក ជួង ជូងី បានដាក់ពាក្យកាលពីម្សិលមិញ ដើម្បីស្នើឱ្យ លោក អ៊ុំ សំអាន នៅក្រៅឃុំជាបណ្តោះអាសន្ន។

លោក លី សុផាណា បានបញ្ជាក់ប្រាប់ Fresh News តាមសារអេឡិចត្រូនិចមួយថា «យើងបានទទួលពាក្យសុំនៅក្រៅឃុំហើយ និងកំពុងពិនិត្យតាមនីតិវិធី»

លោក អ៊ុំ សំអាន សមាជិករបស់គណបក្សសង្រ្គោះជាតិ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ដោយចោទប្រកាន់ក្រោមបទចោទញុះញង់ នាំឲ្យមានការរើសអើង និងប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់មករដ្ឋសភាបានបោះឆ្នោត គាំទ្រឱ្យតុលាការ និងសមត្ថកិច្ចអនុវត្តនីតិវិធីបន្ត ចំពោះតំណាងរាស្រ្តគណបក្សប្រឆាំងរូបនេះ។

សូមបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីលោកត្រឡប់ពីអាមេរិក មកដល់ប្រទេសកម្ពុជា។ លោកត្រូវបានចាប់ខ្លួននៅម្តុំផ្សារកណ្តាល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅពេលលោកចុះដកលុយនៅទូរ ATM របស់ធនាគារ។

សមត្ថកិច្ចបានបញ្ជាក់ថា លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួននៅលើទឹកដីខេត្តសៀមរាប ពីបទប្រើប្រាស់ផែនទីក្លែងក្លាយ ដូចករណីលោក ហុង សុខហួរ ដែរ។ សមត្ថកិច្ចថា ករណីនេះជាបទល្មើសជាក់ស្តែង៕