(​តូ​ក្យូ​)៖ ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ាក់ អូ​បា​ម៉ា នឹង​បំពេញ​ទស្សនកិច្ច​ក្នុង​នាម​ជា​មេដឹកនាំ​កំពូល អាមេរិក​ទីមួយ ទៅ​កាន់​ទីក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា ប្រទេស​ជប៉ុន នៅ​ចុងខែ​ឧសភា ខាងមុខ​នេះ​ជា​លើកដំបូង បន្ទាប់​ពី​ការទម្លាក់​គ្រាប់បែក​បរមាណូ កាលពី ៧១​ឆ្នាំមុន ដែល​បាន​សម្លាប់​ប្រជាជន​ជប៉ុន​រាប់សែន​នាក់​។ នេះ​បើ​តាម​ការចេញផ្សាយ​មុន​នេះ​បន្តិច ដោយ Channel News Asia នា​រសៀល​ថ្ងៃ​សុក្រ ទី​២២ ខែ​មេសា ឆ្នាំ​២០១៦​។​

​កាសែត​ជប៉ុន​មួយ​ឈ្មោះ Nikkei បាន​ចេញផ្សាយ​ព័ត៌មាន​ខាងលើ​នេះ ប៉ុន្តែ​មិន​បាន​បង្ហើប​ឈ្មោះ​មន្ត្រី ដែល​ផ្តល់​ព័ត៌មាន​នេះឡើយ​។ សម្រាប់​កិច្ចប្រជុំ​កំពូល​មួយ​ក៏​នឹង​ធ្វើឡើង​ផង​ដែរ​នៅ ប្រទេស​ជប៉ុន នា​អំឡុង​ចុង​ខែ​ឧសភា ដែល​ក្នុងនោះ​គឺ​សហរដ្ឋអាមេរិក នឹង​មាន​វត្តមាន​ចូលរួម​។​

​យ៉ាងណា​ក៏​ដោយ​ក្រុម​អ្នកវិភាគ​បាន​លើកឡើង​ថា ប្រសិនបើ​ទស្សនកិច្ច​របស់​លោក អូ​បា​ម៉ា ទៅ​កាន់​តំបន់​ខាងលើ​នេះ គឺធ្វើឡើង​ក្នុង​ន័យ​សូមទោស​ទង្វើ​កាលពី​អតីតកាល​របស់​អាមេរិក​នោះ ផ្ទៃក្នុង​អាមេរិក​ផ្ទាល់ នឹង​ជួបប្រទះ​បញ្ហា ហើយ​បញ្ហា​នោះ​គឺជា​ការតវ៉ា​ដែល​នឹង​អាច​កើតមានឡើង​។​

​គួរ​បញ្ជាក់​ប្រជាជន​អាមេរិក​ភាគច្រើន បាន​យល់ថា​ការទម្លាក់​គ្រាប់បែកបរមាណូ​របស់​អាមេរិក លើ​ទីក្រុង ហ៊ី​រ៉ូស៊ី​ម៉ា និង ណាហ្គា​សា​ស៊ី គឺជា​រឿង​ត្រឹមត្រូវ​កាលពី ៧១​ឆ្នាំ​មុន​នោះ ព្រោះ​ថា​វា​បាន បញ្ចប់​សង្គ្រាម​អូសបន្លាយ និង​រក្សា​ជីវិត​ប្រជាជាតិ​អាមេរិក​មក​ដល់​បច្ចុប្បន្ន​នេះ​។ ក៏​ប៉ុន្តែ​ប្រជាជន ភាគ​ច្រើន​ដូច​គ្នា បានគិត​ថា​វា​ជា​រឿង​អាក្រក់​សម្រាប់​ជប៉ុន ដែល​ជា​ជនរងគ្រោះ​៕​