(បាត់ដំបង)៖ ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយអាជ្ញាធរខេត្តបាត់ដំបង តាំងពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦មក បាននិងកំពុងប្រើគ្រឿងចក្រកាយព្រែកធម្មជាតិ អន្លង់ស្វាយ ដើម្បីនាំទឹកប្រមាណ៥លានម៉ែត្រគូប ពីអាងទឹកកំពីងពួយ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីឆ្ពោះទៅក្រុងសិរីសោភ័ណ សម្រាប់ចែកចាយ និងផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋ រាប់ពាន់គ្រួសាររស់នៅទីរួមខេត្តមួយនេះ។

យ៉ាងណាក៏ដោយ នៅពេលនេះក្រុមការងារក្រសួងធនធានទឹក ក៏បានបញ្ជូនទឹកពីស្ទឹងបវេល ទៅកាន់ស្ទឹងសិរីសោភ័ណផងដែរ ហើយប្រជាពលរដ្ឋនៅទីនោះ ក៏អាចទាញយកបានប្រើប្រាស់ ប៉ុន្តែដោយសារមិនទាន់គ្រប់គ្រាន់ ក៏ត្រូវការបញ្ចេញទឹកបន្ថែមទៀតពីអាងទឹកកំពីងពួយ។

លោក ចាន់ យុត្ថាអ្នកនាំពាក្យក្រសួងធនធានទឹកដែលដឹកនាំបញ្ជាផ្ទាល់ពីការបញ្ជូនទឹកនៅទីនោះ បានប្រាប់ Fresh News នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះថា «តាមការបញ្ជារបស់លោករដ្ឋមន្រ្តី លឹម គានហោ នៅថ្ងៃនេះក្រុមការងាររបស់យើង បានចាប់ផ្តើម នាំទឹកចេញពីអាងទឹកកំពីងពួយ ដោយទម្លាក់តាមព្រែកធម្មជាតិមួយឈ្មោះ អន្លង់ស្វាយ ប៉ុន្តែដោយសារកន្លែងខ្លះគោករាក់ និងរួមតូច យើងក៏ប្រើគ្រឿងចក្រដើម្បីកាយដី សម្រាប់បើកមុខទឹកចាក់ទៅប្រឡាយមេអូដនពៅ»

បើតាមលោក ចាន់ យុត្ថា ការបញ្ជូនទឹកចេញពីអាងទឹកកំពីងពួយ ចាក់តាមប្រឡាយមេអូដនពៅ ដើម្បីទម្លាក់ចូលស្ទឹងមង្គលបូរី រួចបញ្ចាល់ទឹកចាក់ចូលស្ទឹងសិរីសោភ័យនោះ គឺត្រូវប្រើពេលប្រមាណ១អាទិត្យ។ លោក ចាន់ យុត្ថា ថា «យុទ្ធសាស្រ្តសម្រាប់ជួយសង្គ្រោះលើបញ្ហាទឹក ជូនប្រជាពលរដ្ឋ នៅក្រុងសិរីសោភ័ណ គឺមានយូរហើយ មិនមែនទើបតែកើត មានបញ្ហានេះកើតឡើងឡើយ»