(ភ្នំពេញ)៖ លោក វ៉ាង យី រដ្ឋមន្រ្តីក្រសួងការបរទេសចិន បានថ្លែងថា មានប្រទេសមហាអំណាចខ្លះ និងប្រទេសមានជម្លោះជាមួយចិន ក្នុងដែនសមុទ្រចិនខាងត្បូង កំពុងយកបញ្ហាសមុទ្រចិនខាងត្បូងនេះ ដើម្បីពង្រីកឥទ្ធិលយោធា នៅតំបន់អាស៊ី។ លោក វ៉ាង យី បានបន្តថា មហិច្ឆតាពង្រីកកម្លាំងយោធានេះ មិនបានជួយឲ្យមានស្ថេរភាព និងសន្តិភាពនៅក្នុងតំបន់នោះឡើយ។

ចិន និងប្រទេសជាសមាជិកអាស៊ានចំនួន៤ រួមមាន វៀតណាម ហ្វីលីពិន ម៉ាឡេស៊ី និងព្រុយណេ បាននិងកំពុងមានជម្លោះជាមួយគ្នា ក្នុងការដណ្តើមយកដែនកោះ និងដែនសមុទ្រមួយចំនួន នៅដែនសមុទ្រចិនខាងត្បូង។ ជម្លោះដណ្តើមដែនកោះ និងដែនសមុទ្រនេះ គេសង្កេតឃើញមានប្រទេសមហាអំណាចពិភពលោក គឺអាមេរិក បានព្យាយាមចូលរួមធ្វើជាបង្អែក របស់ប្រទេសមានជម្លោះជាមួយចិន ហើយតែងបង្ហាញប្រតិកម្ម ជាមួយចិនផងដែរ។

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្នុងសន្និសីទព័ត៌មាន ក្រោយជួបសំណេះសំណាលការងារជាមួយ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ លោក វ៉ាង យី បានថ្លែងថា «យើងគួរតែព្រួយបារម្ភថា មានប្រទេសមហាអំណាចខ្លះ ដើម្បីយកបញ្ហាសមុទ្រចិនខាងត្បូង ធ្វើជាលេសពង្រឹងកម្លាំងយោធាក្នុងតំបន់នេះ។ យើងគួរព្រួយបារម្ភថា ប្រទេសខ្លះយកបញ្ហានេះ ដើម្បីពង្រឹងបន្ថែមកម្លាំងយោធារបស់ខ្លួន»

លោក វ៉ាង យី បានបន្ថែមថា ការប៉ុនប៉ង ដើម្បីពង្រីកឥទ្ធិពលយោធារបស់ប្រទេស មានជម្លោះជាមួយចិននោះ មិនបាននាំមកនូវប្រយោជន៍ និងការរក្សានូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់នោះឡើយ។

លោក វ៉ាង យី បន្តថ្លែងថា ប្រទេសនៅតែរក្សាជំហរក្នុងការដោះស្រាយបញ្ហា ជាមួយប្រទេសមានជម្លោះជាមួយចិនទាំងអស់ ដោយទ្វេភាគី និង គោរពទៅតាមច្បាប់របស់អន្តរជាតិ៕