(ភ្នំពេញ)៖ អាជីវកររួមទាំងអតិថិជនដែលចេញចូលលក់ដូរ និងទិញទំនិញនៅផ្សារធំថ្មី បាននាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំង ខណៈពួកគាត់ឃើញក្រុមជាងបានយកដែក ស៊ីម៉ង់ត៍ ទៅរៀបបិទច្រកផ្លូវចេញ ចូលបរិវេណផ្សារធំថ្មីគឺច្រកខាងជើង និងខាងត្បូងឈាងខាងកើតត្រង់ចំណុចមុខបង្គន់ ដើម្បីរៀបចេញជាតូបទាំងបែរមុខទៅខាងក្នុង និងបែរមុខទៅខាងក្រៅ ដើម្បីទុកលក់ឲ្យអតិថិជន ដោយតូបមួយដែលមានមុខប្រមាណ ១ម៉ែត្រ អាចលក់បានតម្លៃរាប់ម៉ឺនដុល្លារ ឬជួលបានតម្លៃរាប់រយដុល្លារក្នុង១ខែៗ។

សូមបញ្ជាក់ថា ផ្សារធំថ្មីនេះកាលរដ្ឋាភិបាលបារាំងចេញលុយធ្វើការជួសជុលឲ្យ គឺជួសជុលទៅតាមលំនាំដើម និងរៀបចំឲ្យមានសោភ័ណភាព និងអនាម័យ រួមទាំងគិតគូរពីសុវត្ថិភាពចំពោះអាជីវករលក់ដូរ និងអតិថិជនចេញចូលទិញទំនិញផងដែរ ដោយមានទុកច្រកផ្លូវចេញចូលធំៗ ងាយស្រួលពេលមានគ្រោះអាសន្នជាយថាហេតុ គឺអាចជន្លៀសមនុស្សនិងឥវ៉ាន់បានងាយស្រួល។ ប៉ុន្តែបច្ចុប្បន្ននេះច្រកផ្លូវធំចំនួន២ គឺច្រកផ្លូវនៅខាងជើង និងខាងត្បូងឈាងខាងកើត ដែលគេនិយមហៅច្រកផ្លូវមុខបង្គន់ មួយៗមានទំហំជិត១០ម៉ែត្រនោះ ត្រូវបានគណៈកម្មការផ្សារ និងមន្ត្រីមានអំណាចឃុបឃិតគ្នាបិទទុកនៅសល់ច្រកផ្លូវប្រមាណ ៣ម៉ែត្រប៉ុណ្ណោះ ក្នុងម្ខាងៗដើម្បីយកចំណែកនៃផ្លូវនេះសង់តូបលក់ឲ្យអតិថិជន។

អាជីវករដែលមានតូបស្របច្បាប់នៅក្បែរៗនោះ រួមទាំងអតិថិជនចេញចូលទិញទំនិញផងដែរ បាននាំគ្នានិយាយថា គណៈកម្មការផ្សារចង់សង់ ចង់ពង្រីកតូបដើម្បីលក់ដូរ ឬជួលយកលុយនៅកន្លែងណាក៏ពង្រីកទៅ តែមិនគួរមកបិទច្រកផ្លូវដើម្បីសង់តូបលក់ដូរដូច្នេះទេ ច្រកផ្លូវចេញចូលផ្សារគឺមានសារសំខាន់ណាស់ ជាពិសេសពេលមានឧប្បត្តិហេតុផ្សេងៗដូចជាភ្លើងឆេះ ឬកើតចលាចលដោយប្រការណាមួយ មនុស្សអាចជន្លៀសរត់ចេញបានងាយស្រួល រួមទាំងការជញ្ជូនឥវ៉ាន់ចេញផងដែរ តែបើគេមកឃុបឃិតគ្នាពង្រួញផ្លូវឲ្យកាន់តែតូចដូច្នេះពេលមានបញ្ហាកើតឡើង តើអ្នកណាជាអ្នកទទួលខុសត្រូវ? នេះគេមិនទាន់គិតទៅដល់ផ្លូវច្បាប់សម្រាប់អ្នកដែលមានតូបស្របច្បាប់ នៅចំមុខផ្លូវដែលជាតូបមានតម្លៃខ្ពស់ ហើយត្រូវបានគណៈកម្មការផ្សារមកធ្វើតូបបិទពីមុខផងនោះទេ។

សូមបញ្ជាក់ថា ផ្សារធំថ្មីគឺជាមុខមាត់ធំមួយសំរាប់ទីក្រុងភ្នំពេញ ដោយផ្សារនេះកសាងតាំងពីសម័យអាណានិគមនិយមបារាំង នាឆ្នាំ១៩៣៧មកម្ល៉េះ ដោយបច្ចុប្បន្នមានភ្ញៀវទេសចរបរទេសចេញចូល និងទិញទំនិញមួយថ្ងៃៗរាប់ពាន់នាក់ ដែលចំនួនភ្ញៀវទេសចរច្រើនបែបនេះ គណៈកម្មការផ្សារគួរតែនាំគ្នាគិតគូរពីសុវត្ថិភាពឲ្យបានខ្ពស់ មិនគួរព្រោះតែលុយ បែរជាឃុបឃិតគ្នាពង្រួញច្រកផ្លូវចេញចូលឲ្យតូច ដើម្បីសង់តូបលក់យកលុយបែបនេះទេ។ ដូច្នេះលោក ប៉ា សុជាតិវង្ស អភិបាលរាជធានី គួរតែចាប់អារម្មណ៍និងចុះទៅពិនិត្យមើលផងថា តើការបិទផ្លូវឲ្យតូចបែបនេះត្រឹមត្រូវឬអត់? កុំចាំដល់នាយករដ្ឋមន្ត្រីដឹងហើយស្រែក បាននាំគ្នាស្ទុះស្ទាទៅបើកវិញវាមិនល្អមើលទេ។ ចំណែកប្រធានផ្សារវិញកាលពីពេលថ្មីៗនេះបានអះអាងប្រាប់អ្នកកាសែតថា ការបិទច្រកផ្លូវសង់តូបខាងលើ មិនមែនខ្លួនហ៊ានធ្វើដោយខ្លួនឯងនោះទេ គឺសុទ្ធតែមានការអនុញ្ញាតពីសាលាក្រុងត្រឹមត្រូវទៀតផង៕