(អេក្វាទ័រ)៖ ប្រទេសអេក្វាទ័រ បាននិងកំពុងធ្វើយុទ្ធនាការមួយ ដើម្បីប្រមូលថវិកាក្នុងការផ្តល់ជំនួយជាបន្ទាន់ ដល់តំបន់ដែលរងផលប៉ះពាល់ ដោយគ្រោះរញ្ជួយដី ដែលបានវាយប្រហារកាលពីពេលថ្មីៗកន្លងទៅ ស្របពេលដែលចំនួនអ្នកស្លាប់ជាផ្លូវការ បានកើនឡើងដល់៥៨៧នាក់ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ។

យុទ្ធនាការមួយ ដែលធ្វើឡើងដោយរដ្ឋសភាជាតិអេក្វាទ័រ ប្រមូលបានថវិកាចំនួនជិត ៤សែនដុល្លារសហរដ្ឋអាមេរិក។ យុទ្ធនាការដ៏ធំមួយ បានធ្វើឡើងកាលពីថ្ងៃពុធ ស្វែងរកថវិកាដើម្បីជួយមនុស្សរាប់ពាន់នាក់ ដែលភៀសខ្លួន និងគ្មានផ្ទះសម្បែង ដោយគ្រោះរញ្ជួយដីកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកាលពីចុងសប្តាហ៍ កន្លងទៅ។

ចំនួនអ្នកស្លាប់ដោយគ្រោះរញ្ជួយដី បានកើនឡើងដល់៥៨៧នាក់ ក្នុងនោះ២៧នាក់ ជាជនបរទេស ជាមួយនឹង ៥,៧៣៣នាក់រងរបួស និង១៦៣នាក់ទៀត កំពុងបាត់ខ្លួន។ មានអ្នកស្លាប់ចំនួន ៥៣៩នាក់ ដែលអះអាងទទួលស្គាល់ ដោយក្រុមគ្រួសាររបស់ពួកគេ ខណៈសាកសព ៤៨នាក់ទៀត មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

អ្នកស្លាប់ជាជនបរទេស ២៧នាក់នោះ រួមមានជនជាតិកូឡុំប៊ី១០នាក់, ៦នាក់គុយបា, ២នាក់កាណាដា, ២នាក់ដូមីនីក, ២នាក់អង់គ្លេស និងម្នាក់មកពីអ៊ីតាលី, បារាំង និងអៀឡង់ ខណៈម្នាក់ទៀត
មិនទាន់បញ្ជាក់អត្តសញ្ញាណ។ កាលពីយប់ថ្ងៃពុធ ប្រធានាធិបតីអេក្វាទ័រ លោក Rafael Correa បានប្រកាសចាត់វិធានការថ្មី ដើម្បីរ៉ៃអង្គាសថវិកាសាងសង់តំបន់រងគ្រោះឡើងវិញ។ លោក Stephen O'Brien អនុលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមនុស្សធម៌ បានធ្វើដំណើរទៅកាន់តំបន់រងគ្រោះ ហើយបានបញ្ជាក់ថា នឹងស្វែងកជំនួយអន្តរជាតិជាបន្ទាន់ ជាទឹកប្រាក់រាប់លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយសាងសង់តំបន់រងគ្រោះឡើងវិញ៕