(ភ្នំពេញ)៖ ព្រះសង្ឃ និងពុទ្ធបរិស័ទ ជាង១ពាន់អង្គ/នាក់ បានប្រារព្ធពិធីបុណ្យឆ្លងជាងពាក់កណ្តាលសាសនា ឆ្លងមហាធម្មទាន និងមហាទក្ខិណាទាន ប្រគេនចង្ហាន់ព្រះសង្ឃឆាន់ចំនួន ២៦០០អង្គ នៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦នេះ។

ពិធីបុណ្យឆ្លងនេះ ក្រោមរាជអធិបតីភាព របស់សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ព្រះសង្ឃរាជគណៈមហានិកាយ សម្តេចព្រះអភិសិរីសុគន្ធាធិបតី ប៊ួរ គ្រី ព្រះសង្ឃរាជ គណៈធម្មយុត្តិកនិកាយ និងលោក មិន ឃិន ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស។

ពិធីបុណ្យឆ្លងជាងពាក់កណ្តាលសាសនា ឆ្លងមហាធម្មទាន និងមហាទក្ខិណាទាន ប្រគេនចង្ហាន់ព្រះសង្ឃឆាន់ចំនួន ២៦០០អង្គនេះ ដើម្បីរំលឹក និងដឹកគុណដ៏ជ្រាលជ្រៅចំពោះព្រះពុទ្ធសាសនា ដែលបានផ្តល់នូវ ផលប្រយោជន៍យ៉ាងច្រើនឥតគណនា អំពីគុណធម៌ សីលធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរដល់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស និងពិភពលោក ពិសេសពុទ្ធបរិស័ទ។

សូមជម្រាបថា កាលពី៦០ឆ្នាំមុន ពិធីបុណ្យនេះ ត្រូវបានសម្តេចព្រះបរមរតនកោដិ និងសម្តេចព្រះសង្ឃរាជជោតញាណ ជួន ណាត ប្រារព្ធធ្វើម្តងរួចមកហើយ ដែលប្រជាជនទូទាំងប្រទេសប្រារព្ធធ្វើគ្រប់វត្តអារាមរយៈពេល ៧ថ្ងៃផងដែរ៕