(ភ្នំពេញ)៖ នៅមុននេះបន្តិច នាវេលាថ្ងៃត្រង់នេះ អង្គភាព Fresh News ទើបបានទទួលនូវសេចក្តីថ្លែងការណ៍ របស់ក្រសួងយុត្តិធម៌ មួយច្បាប់ ដោយធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើល្មើសច្បាប់ របស់អង្គការសង្គមស៊ីវិល ដែលបាននាំគ្នាប្រព្រឹត្តអំពើ ល្មើសច្បាប់ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ។

ក្រសួងយុត្តិធម៌ សូមធ្វើការអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវឲ្យបានច្បាស់លាស់ និងចាត់វិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត។

សូមជំរាបថា នៅទីបំផុត កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលមានទំនាក់ទំនងស្នេហា ជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្ស សង្គ្រោះជាតិ បានសម្រេចសរសេរលិខិតចំហរចំនួន៤ទំព័រ ដោយបានរៀបរាប់អំពីការឈឺចាប់ និងថ្លាថ្លែងអំពីអង្គការការពារសិទ្ធិមនុស្ស អាដហុក និងអ្នកពាក់ព័ន្ធមួយចំនួន ដែលបានបញ្ចុះបញ្ចូលលួងលោមឲ្យរូបនាងនិយាយភូតកុហកពីការពិត ប្រាប់ដល់មហាជន សារព័ត៌មាន សមត្ថកិច្ច និងអំពីរឿងមានទំនាក់ទំនងស៊ីជម្រៅជាមួយលោក កឹម សុខា។

កញ្ញា ស្រីមុំ បានសរសេរនៅក្នុងលិខិតជំហរ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះថា រូបនាងមិនអាចបន្តការបិទបាំង ចំពោះទង្វើខុសច្បាប់ ពីសំណាក់បុគ្គលមួយចំនួន និងអ្នកពាក់ព័ន្ធ ដែលបានបញ្ចុះបញ្ចូល លួងលោម បោសបញ្ឆោតរូបនាង និងក្រុមគ្រួសារនាងឲ្យ និយាយភូតកុហកពីការពិតបានទៀតទេ។ ដោយអ្នកដែលពាក់ព័ន្ធ បញ្ចុះបញ្ចូលឲ្យរូបនាងនិយាយកុហកនោះរួមមាន៖ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ាន់ដា និងលោកស្រី លឹម មុន្នី មន្រ្តីអង្គការអាដហុក និងលោកស្រី ធី ឃីៈ ប្រធានអង្គការ សីលការ, ប្រធានអង្គការ ណ្កដស៊ី, ឈ្មោះ ស៉ឺន សាលី មន្រ្តីអង្គការសិទ្ធិមនុស្ស UN និងឈ្មោះ ស៊ាង ចែត មេឃុំស្រុកកំពង់សៀម ខេត្តកំពង់ចាម។

កញ្ញា ស្រីមុំ ធ្វើការថ្កោលទោស និងប្តឹងទៅស្ថាប័នមានសមត្ថកិច្ចចំពោះ អ្នកដែលបានបញ្ចុះបញ្ចូល លួងលោម បោសបញ្ឆោតរូបនាង និងក្រុមគ្រួសារនាង ឲ្យនិយាយភូតកុហកពីការពិត ដូចបានរៀបរាប់ឈ្មោះខាងលើ។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌៖