(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹង ពីការលើកពេលដាក់ឱ្យដំណើរការ សាកល្បងកាមេរ៉ាចាប់ល្បឿន នៅលើកំណាត់ផ្លូវជាតិលេខ៣ ចាប់ពី ភ្នំពេញ (ចោមចៅ) ដល់ទីរួមខេត្តកំពត ដោយសារក្រុមការងារបច្ចេកទេស ធ្វើមិនទាន់រួចរាល់ទាំងស្រុង។

នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ បានឱ្យដឹងទៀតថា ការលើកពេលវេលានេះ ដោយសារបច្ចុប្បន្ន ក្រុមការងារបច្ចេកទេស បច្ចេកវិទ្យាព័ត៌មានវិទ្យា ត្រូវបន្តដំណើរការតភ្ជាប់ចូលទៅក្នុងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ របស់អគ្គស្នងការនគរបាលជាតិ មិនទាន់ចប់សព្វគ្រប់ ការដាក់ឱ្យដំណើរការត្រូវពន្យារពេលសិន។

ក្រសួងសាធារណការ បានបញ្ជាក់ដែរថា ចំពោះពេលវេលាជាក់លាក់ នៃការដាក់ឱ្យដំណើរសាកល្បងកាមេរ៉ាចាប់ល្បឿននេះ ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ៕