(ភ្នំពេញ)៖ ជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋចំនួន២០២គ្រួសារ រស់នៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ស្ថិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ពីព្រោះថា លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា លោកនឹងសើរើជម្រុញការរៀបចំប្លង់កម្មសិទ្ធិ ជូនប្រជាពលរដ្ឋក្នុង តំបន់អភិវឌ្ឍន៍ឫស្សីកែវឡើងវិញ។

មន្រ្តីក្រសួងរៀបចំដែនដី បានថ្លែងឲ្យដឹងថា ចំពោះបញ្ហាមួយនេះ កាលនៅតួនាទីជាអភិបាលក្រុងភ្នំពេញ នាអំឡុងឆ្នាំ២០០២ លោក ជា សុផារ៉ា ក៏បានរៀបចំចាត់ចែងឲ្យ មានការរៀបចំចេញប្លង់កម្មសិទ្ធិ និងដោះស្រាយបញ្ហានេះ ជូនប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ប៉ុន្តែរយះពេល២ខែក្រោយមកលោកត្រូវបានថ្នាក់ដឹកនាំ ផ្លាស់ប្តូរដំណែង ហេតុដូច្នេះហើយបញ្ហានេះ មិនត្រូវបានដោះស្រាយនោះទេ រហូតមកដល់ពេលនេះ។ដូច្នេះក្នុងនាមលោកជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនៅពេលនេះ លោកនឹងសើរើឡើងវិញដើម្បីបញ្ចប់បញ្ហាដ៏រំារ៉ៃមួយនេះ ជូនប្រជាពលរដ្ឋទាំង២០០២គ្រួសារ។

នៅក្នុងលិខិតរបស់ លោក ជា សុផារ៉ា ផ្ញើជូនអភិបាលខណ្ឌឫស្សីកែវ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០២ ដោយយោងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ អតីតអភិបាលក្រុងភ្នំពេញរូបនេះ បានស្នើទៅអភិបាលខណ្ឌ និងប្រធានរៀបចំដែនដី រៀបចំ និងដោះស្រាយបញ្ហានេះដូចខាងក្រោម៖ ទី១-ដីដែលមានឯកសារត្រឹមត្រូវ សាលាក្រុងនឹងរៀបចំកម្មសិទ្ធជូន ទី២-ដីដែលពាក់ព័ន្ធជម្លោះត្រូវអញ្ជើញភាគីទាំងសងខាងមកដោះស្រាយ ដោយអាជ្ញាធរខណ្ឌជាអ្នកសម្របសម្រួល ទី៣-សាលាក្រុងមិនពាក់ព័ន្ធដកហូតយកដីនេះ មកធ្វើការអភិវឌ្ឍន៍នោះទេ។ លើកលែងតែដីដែលពាក់ព័ន្ធជាមួយផ្លូវ លូ ដែលបង្ហាញដោយគណៈកម្មការរៀបចំតំបន់អភិវឌ្ឍន៍ ទី៤-ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ ត្រូវចាក់ដីលើដីឡូត៍ណាដែលមានកិច្ចសន្យាបង់ប្រាក់ គ្មានអ្នកកក់ និងគ្មានទំនាស់ និងទី៥-ម្ចាស់ដីដែលមានឯកសារត្រឹមត្រូវ គ្មានអ្នកតវ៉ា ហើយមានលទ្ធភាពចាក់ដីខ្លួនឯង សាលាក្រុងអនុញ្ញាតជូន តែត្រូវរាយការណ៍សុំការអនុញ្ញាតពីក្រុងជាមុនសិន។

ដោយឡែក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០០៥ ឧបនាយករដ្ឋមន្រ្តី សហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើទៅអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា បន្តដោះស្រាយ និងធ្វើការពិនិត្យឡើងវិញ ដោយយោងតាមលិខិតរបស់លោក ជា សុផារ៉ា នៅឆ្នាំ២០០២ ប៉ុន្តែរហូតមកដល់ពេលនេះ បញ្ហាដីធ្លីខាងលើមិនទាន់មានការដោះស្រាយបាននៅឡើយទេ៕