(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ​បង្ហាញពីភាពសោកស្តាយចំពោះទង្វើ និងសកម្មភាពរបស់អង្គការ និងអ្នកពាក់ព័ន្ធមួយចំនួន បានប្រព្រឹត្តបទល្មើសដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់កញ្ញា ខុម ចាន់តារាទី ហៅស្រី មុំ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ហៅសកម្មភាពរបស់អង្គការនោះថា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់កម្ពុជា។

សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ បានបញ្ជាក់ថា «គណៈកម្មាធិការសិទ្ធិ មនុស្សកម្ពុជាសូមថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើល្មើសច្បាប់របស់អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនោះ សូមអំពាវនាវដល់ អាជ្ញាធរមានសមត្ថកិច្ចស្រាវជ្រាវឲ្យច្បាស់លាស់ និងចាត់វិធានការច្បាប់ឲ្យបានម៉ឹងម៉ាត់បំផុត។ ទន្ទឹមនឹងនោះ គណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា ក៏សូមអំពាវនាវដល់សាធារណជន និងសង្គមស៊ីវិលទាំងអស់ឲ្យចូលរួមក្នុងការលើកតម្កើង ការពារសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស គ្រប់រូប ក្នុងគោលដៅពង្រឹងការអនុវត្តច្បាប់ និងគោលការណ៍នីតិរដ្ឋនៅកម្ពុជា»

សូមជំរាបថា កញ្ញា ស្រីមុំ បានសរសេរនៅក្នុងលិខិតជំហរ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះថា រូបនាងមិនអាចបន្តការបិទបាំង ចំពោះទង្វើ ខុសច្បាប់ ពីសំណាក់បុគ្គលមួយចំនួន និងអ្នកពាក់ព័ន្ធ ដែលបានបញ្ចុះបញ្ចូល លួងលោម បោសបញ្ឆោតរូបនាងនិងក្រុម គ្រួសារនាងឲ្យ និយាយ ភូតកុហក ពីការពិតបានទៀតទេ។ ដោយអ្នកដែលពាក់ព័ន្ធ បញ្ចុះបញ្ចូលឲ្យរូបនាងនិយាយកុហកនោះរួមមាន៖ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វ៉ាន់ដា និងលោកស្រី លឹម មុន្នី មន្រ្តីអង្គការអាដហុក និងលោកស្រី ធី ឃីៈប្រធាន អង្គការ សីលការ, ប្រធានអង្គការ ណ្កដស៊ី, ឈ្មោះ ស៉ឺន សាលី មន្រ្តីអង្គការសិទ្ធិមនុស្ស UN និងឈ្មោះ ស៊ាង ចែត មេឃុំស្រុក កំពង់ សៀម ខេត្តកំពង់ចាម។ កញ្ញា ស្រីមុំ បានថ្កោលទោស និងប្តឹងទៅស្ថាប័នមានសមត្ថកិច្ចចំពោះ អ្នកដែលបានបញ្ចុះបញ្ចូល លួងលោម បោសបញ្ឆោតរូបនាង និងក្រុមគ្រួសារនាង ឲ្យនិយាយភូតកុហកពីការពិត ដូចបានរៀបរាប់ឈ្មោះខាងលើ។

សូមជំរាបថា ពាក់ព័ន្ធរឿងរ៉ាវស្នេហាជាមួយលោក កឹម សុខា, កញ្ញា ខុម ចាន់តារ៉ាទី ហៅ ស្រីមុំ បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅ កាន់ ព្រះរាជអាជ្ញាអមសាលាដំបូង រាជធានីភ្នំពេញ ដោយប្តឹងលោក កឹម សុខា និងគូកន​ ព្រមទាំងជនពាក់ព័ន្ធដ៏ទៃទៀតដោយទាមទារ សំណងជំងឺចិត្តចំនួន៣០ម៉ឺនដុល្លារ​៕