(ភ្នំពេញ)៖ ថវិកាចំនួន២លានរៀល ដែលមួយលានជារបស់សម្តេចក្រឡាហោម ស ខេង និងមួយលានទៀតរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបានស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ប្រគល់ជូនផ្ទាល់ដៃដល់មន្ត្រីនគរបាលចរាចរណ៍ ដែលត្រូវភ្លើងឆេះផ្ទះនៅសង្កាត់អង្រែលើ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ស្នងការខេត្តកំពត នៅព្រឹកថ្ងៃអាទិត្យទី២៤ ខែមេសា ឆ្នាំ២០១៦នេះ បាននាំយកថវិកាទាំង២លានរៀលនេះ​ មកប្រគល់ជូន លោក ហេង ខុម សម្រាប់ទុកប្រើប្រាស់ និងការចំណាយផ្សេងៗ ប្រចាំថ្ងៃក្រោយពេលផ្ទះ និងទ្រព្យសម្បត្តិជាច្រើនខ្ទង់មឺុនដុល្លារ ត្រូវបានឆេះបំផ្លាញគ្មានសល់។

លោកឧត្តមសេនីយ៍ស្នងការ បានផ្តាំផ្ញើការសោកស្តាយ ពីសម្តេចក្រឡាហោម និងអគ្គស្នងការនគបាលជាតិ ដែលបានជួបគ្រោះមហន្តរាយមួយនេះ និងបានចូលរួមផ្តល់ថវិកាខ្លះៗ សម្រាប់កាត់បន្ថយការចំណាយ។

នៅព្រឹកថ្ងៃដដែលនេះ លោក មាស សីុណា នាយផ្នែកចរាចរណ៍រាជធានីភ្នំពេញ ក៏នាំយកថវិកាចំនួន១០០ដុល្លារ របស់លោក ហេង ចាន់ធារី ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនចរាចរណ៍ មកប្រគល់ជូនលោក ហេង ខុម ផងដែរ ដែលនេះគឺជាការយកចិត្តទុកដាក់ និងវប្បធម៌ចែករំលែករបស់ថ្នាក់ដឹកនាំ។

នៅព្រឹកម្សិលមិញ លោក ហេង ខុម ក៏បានទទួលថវិកា ចំនួន១លានរៀល ពីថ្នាក់ដឹកនាំអង្គភាពការិយាល័យចរាចរណ៍ និងមិត្តនគរបាលរួមអាជីព ផងដែរ តាមរយៈលោក ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ ដើម្បីយកទៅប្រើប្រាស់ និងការចំណាយផ្សេងៗប្រចាំថ្ងៃ។

លោក ហេង ខុម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ជូនចំពោះថ្នាក់ដឹកនាំទាំងអស់ ដែលបានគិតគូ និងយកចិត្តទុកដាក់ចំពោះមន្រ្តីនគរបាល ក្រោមឱវាទក្រោយជួបគ្រោះមហន្តរាយបែបនេះ។

លោកក៏បានឲ្យដឹងថា នាយឧត្តមសេនីយ៍ស្នងការនគរបាលរាជធានីភ្នំពេញ ជួន សុវណ្ណ បានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្តែងនៅកន្លែងឆេះ និងបានសម្រេចសាងសង់ផ្ទះមួយខ្នងជូនលោកផងដែរ សម្រាប់ការស្នាក់នៅបន្តទៀត។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦កន្លងទៅ មានករណីអគ្គិភ័យមួយ បានកើតឡើងនៅសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយហេតុការណ៍នេះ ភ្លើងបានឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ ចំនួន៥៥ខ្នង ក្នុងនោះក៏មានផ្ទះរបស់លោក ហេង ខុម ផងដែរ។

លោក ហេង ខុន បានឲ្យដឹងថា សម្រាប់គ្រោះអគ្គិភ័យមួយនេះ បានបំផ្លាញថវិកាដែលនៅក្នុងផ្ទះ ប្រមាណ៣០០ដុល្លារទេ តែទ្រព្យសម្បត្តិទាំងអស់ ខ្ទង់មឺុនដុល្លារ ត្រូវឆេះទាំងស្រុង ដោយលោកមិនបានយកអ្វីទាន់នោះឡើយ ក្រៅពីអាយុជីវិតជាមួយប្រពន្ធរបស់ខ្លួន ខណៈដែលកូនៗទាំង៤នាក់ បានចេញទៅលេងស្រុកកំណើតមុនហើយនោះ។

ជាមួយគ្នានេះ សម្រាប់បុណ្យស័ក្តិទៀតសោត នាយឧត្តមសេនីយ៍ស្នងការ បានម្រេចដំឡើងស័ក្តិ របស់លោកមួយទៀត គឺថ្នាក់អនុសេនីយ៍ទោ៕