(កណ្តាល)៖ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ និងមាត់ទន្លេមេគង្គ ក្នុងភូមិស្វាយជ្រំ ឃុំព្រែក​ដំបង ស្រុកមុខ​កំពូល ខេត្តកណ្តាល បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងពីការបាក់ស្រុតផ្ទះ​សម្បែង​របស់គាត់​​ ចូល​​ទឹក​​ទន្លេ​​នៅរដូវ​ទឹកឡើង ដោយសារតែឈ្មួញបូមខ្សាច់ឈ្មោះ ណាំ ហ៊ាង ​ធ្វើសកម្ម​ភាព​បូមអនាធិប​តេយ្យ នៅតាមដង​ទន្លេ​ដោយបូមនៅតែក្បែរៗ ច្រាំងចល័តទីនេះបន្តិចទីនោះបន្តិច ​រំខានដល់ការរស់នៅរបស់ពួកគាត់ ដោយសំឡេងរំពងពីម៉ាស៊ីនបូមខ្សាច់។

ទុក្ខលំបាករបស់បួកគាត់នេះ ​បានកើតឡើងជាច្រើនឆ្នាំមកហើយ ដោយមេឈ្មួញរូបនេះមានការត្រូវរ៉ូវ ជាមួយមន្រ្តីជំនាញ និង​អាជ្ញាធរ​មូល​ដ្ឋាន ទើបគេអាចធ្វើសកម្មភាពបូមបានដោយរលូនបែបនេះ។ នេះបើយោងតាមប្រជាពលរដ្ឋ នៅទីនោះបានថ្លែងប្រាប់ Fresh News សុំឲ្យជួយចុះផ្សាយក្រែងដឹងដល់ថ្នាក់លើ។

ប្រជាពលរដ្ឋដែលរស់នៅតាមមាត់ទន្លេ ក្នុងភូមិស្វាយជ្រំបាននិយាយថា ទូកបូមខ្សាច់​របស់លោកថៅកែ ណាំ ហ៊ាង បានធ្វើសកម្មភាពបូមចល័ត នៅក្នុងដងទន្លេ ក្នុងឃុំព្រែកដំបងមួយថ្ងៃ ឥត​ឈប់គ្រប់កន្លែងទាំងអស់ ដោយបូមនៅអែបៗ និងមាត់ច្រាំងទន្លេដោយគេមិនខ្វល់ពីផលប៉ះពាល់ ដល់ប្រជាពលរដ្ឋនោះឡើយ និយាយឲ្យចំគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន របស់ប៉ុណ្ណោះ ចំណែកឯ​អាជ្ញាធរ​ឬជំនាញមូលដ្ឋាន ហាក់បីដូចជាបណ្តែតបណ្តោយឲ្យឈ្មោះ ណាំ ហ៊ាង ធ្វើតាមតែអំពើចិត្ត​មិន មានវិធានការអ្វីទាំងអស់ទំនងជាទទួលបានលាភសក្តារៈ មិនតិចនោះទេក្នុង១ឆ្នាំ បានជាបិទភ្នែកសំងំ​ធ្វើ​មិនដឹងមិនឮ​ ទាំងប្រជាពលរដ្ឋរស់នៅទុកព្រួយភ័យខ្លាច និងការបាក់ស្រុតច្រាំងទន្លេបាក់ផ្ទះរបស់​គាត់ ចូលទៅក្នុងទឹកទន្លេនោះ នាពេលរដូវទឹកឡើងខាងមុខ។

ពួកគាត់បានបន្តថា ច្រាំងទន្លេនៅក្នុងភូមិរបស់គាត់ក្នុងមួយឆ្នាំៗ បាក់ស្រុតមិនតិចនោះដោយកន្លែងខ្លះ បាក់រហូតដល់ប្រជាពលរដ្ឋអស់ដីនៅ និងកន្លែងខ្លះបាក់ត្រឹមសរសផ្ទះធ្វើឲ្យមានការព្រួយបារម្ភយ៉ាង ខ្លាំង​នេះគឺដោយសារតែសកម្មភាពបូមខ្សាច់បែបអនាធិបតេយ្យ គ្មាន​ច្បាប់ទម្លាប់របស់លោក ណាំ ហ៊ាង ប្រសិនបើគាត់បូមគោរពទៅតាមការកំណត់របស់ក្រសួងរ៉ែ និងថាមពល​ដោយមានកំណត់គម្លាត​ត្រឹមត្រូវនោះ វាមិនមានអ្វីប៉ះពាល់ដល់ច្រាំងទន្លេនោះឡើយ ប៉ុន្តែផ្ទុយទៅវិញគាត់បូមស្រេចតែ​ក្បាល​ចិត្តរបស់គាត់ ចល័តទៅទីនេះបន្តិចទីនោះបន្តិច ក្នុងភូមិសាស្ត្រស្វាយជ្រំ ធ្វើឲ្យប្រជាពលរដ្ឋ​រស់នៅទាំង​ភ័យ​ខ្លាច មិនដេកពួកព្រោះតែការបាក់ស្រុត ចំណែកឯឈ្មួញខាងលើទទួលបានផលប្រយោជន៍ខ្ពស់​ ដោយចំណាយបង់ពន្ធជូនរដ្ឋ ១សេនណាឡើយ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ ក្នុងមួយឆ្នាំមិនតិចនោះ​ទេ ដូច្នេះហើយពួកគាត់សំណូមពរដល់ក្រសួង​រ៉ែនិងថា​មពល ក៏ដូចជាលោក អភិបាលខេត្តកណ្តាល​មេត្តាចុះ ទៅពិនិត្យមើលទូកបូមខ្សាច់ របស់ឈ្មួញរូបនេះផង។

ខាងលើនេះគ្រាន់តែមតិរបស់រាស្រ្តប៉ុណ្ណោះ តែពិតឫយ៉ាងណានោះ Fresh News ក៏មិនដឹងដែរ មានតែមន្រ្តីជំនាញចុះទៅមើលខ្លួនឯងចុះ៕