(សៀមរាប)៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋនៅខេត្តសៀមរាប ដែលសរុបមានចំនួន៦៤ទីតាំង ដែលនឹងមានរយៈពេល១៤ថ្ងៃ។

នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ដំណាក់កាលនៃការបើកប្រទេស និង ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺពិតជាត្រូវនិយាយដោយខានមិនបាននោះឡើយ អំពីផែនការចាក់ស្រោចវ៉ាក់សាំង ដែលជានយោបាយយុទ្ធសាស្រ្តគន្លឹះដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីបង្ហូរចរន្តសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ជួសជុលសសៃឈាមសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ ជាមួយគ្នានេះ វិធានការសុវត្តិភាព ៣ការពារ ៣កុំ ក៏នៅតែជារូបមន្តដ៏មានប្រសិទ្ធភាព ដើម្បីចលនារៀនរស់តាមគន្លងបែបថ្មីជាមួយកូវីដ-១៩។

ជាមួយគ្នានោះ សម្តេចពិជ័យ ក៏បានបញ្ជាក់ដែរថា នៅក្នុងយុទ្ធនាការនេះ ចំពោះប្រជាពលរដ្ឋដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងបង្កានៅឡើយនោះ ក៏អាចមកទទួលការចាក់វ៉ាក់សាំងដូសទី១ បានផងដែរ។

យោងតាមផែនការដែលបានគ្រោងទុក បេសកកម្មនៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ សម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប ចាប់ពីអាយុ១៨ឆ្នាំឡើង និងចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ អនុវត្តដោយក្រុមគ្រូពេទ្យស៊ីវិល មានរយៈពេល១៤ថៃ្ង នៅតាមបណ្តាទីតាំងចំនួន២២កន្លែងទូទាំងខេត្ត ដូចជាមាននៅតាមមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និង តាមបណ្តាមណ្ឌលសុខភាពនានាផងដែរ។

ក្នុងយុទ្ធនាការជាមួយគ្នានេះ ការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋខេត្តសៀមរាប ចាប់ពីអាយុ១៨ឆ្នាំឡើង ដោយក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ មានរយៈពេល១០ថ្ងៃ នៅបណ្តាទីតាំងចំនួន៤២កន្លែង រួមមានតាមទីវត្តអារាម សាលារៀន និងសាលាឃុំ។ ជារួមក្នុងយុទ្ធនាកានេះទាំងមូល ទាំងបេសកកម្មរបស់ក្រុមគ្រូពេទ្យស៊ីវិល និងក្រុមគ្រូពេទ្យកងទ័ព ត្រូវបានអនុវត្តលើ៦៤ទីតាំង។

តាមការរំលឹកដាស់តឿនរបស់រដ្ឋបាលខេត្តសៀមរាប ប្រជាពលរដ្ឋដែលត្រូវទទួលការចាក់វ៉ាក់សាំងដូសទី៣ ត្រូវយកប័ណ្ណចាក់វ៉ាក់សាំងលើកទី២ទៅជាមួយ ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងត្រូវមានគម្លាតពេលវេលា ពីការចាក់លើកទី២ មកដល់ការទទួលចាក់លើកទី៣នេះ ពី៤ខែ ទៅ៦ខែ៕