(បាត់ដំបង)៖ ប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចមិនទោមនស្សចំពោះការប្រតិកម្មរបស់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួន ចំពោះការប្រឹងប្រែងរបស់សម្តេចលើវិបត្តិមីយ៉ាន់ម៉ានោះទេ តែជាការជួយឱ្យប្រជាពលរដ្ឋមីយ៉ាន់ម៉ា ចៀសផុតពីភ្លើងសង្គ្រាមស៊ីវិល។

ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត៨៥គីឡូម៉ែត្រ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

ចំពោះករណីនេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាប្រតិកម្មនានានឹងដំណើរទស្សនកិច្ចរបស់សម្តេចទៅមីយ៉ាន់ម៉ា គឺជាក្រុមប្រឆាំងដែលមានប្រជាជនពលរដ្ឋកម្ពុជាមួយចំនួននៅតាមបណ្តាប្រទេសមួយចំនួន រួមជាមួយប្រជាពលរដ្ឋមីយ៉ាន់ម៉ា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការរិះរកកលល្បិចប្រឆាំងជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិផ្ទៃក្នុងមីយ៉ាន់ម៉ា ដែលអូសបន្លាយជាច្រើនឆ្នាំមកនេះ ពីសំណាក់បុគ្គលទាំងនេះ គឺជាក្រុមនិយមជ្រុល ដោយមិនចង់ឃើញមីយ៉ាន់ម៉ា ត្រូវបានដោះស្រាយវិបត្តិដ៏រ៉ាំរ៉ៃមួយនេះ។ ដូច្នេះ ការប្រឆាំងនឹងការឈប់បាញ់ គឺអ្នកឯងចង់ឱ្យមនុស្សស្លាប់នឹងរបួសដោយសារសង្ក្រាម។

ប្រធានអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ខ្ញុំមិនប្រកាន់ទោសអូសដំណើរជាមួយហ្នឹងបងប្អូនមីយ៉ាន់ម៉ាទេ មានដុតរូបថតខ្ញុំ មានជាន់រូបថតខ្ញុំ មានស្អីៗ ប៉ុន្តែ អ្នកត្រូវឃើញថាជីវិតរបស់អ្នកនឹងត្រូវបានសង្គ្រោះពីភ្នុកភ្លើងសង្គ្រាម ដោយតួនាទីរបស់អាស៊ាន ក្នុងហ្នឹងគំនិផ្តួចផ្តើមក្នុងដំណើរទស្សនកិច្ចដែលខ្ញុំទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយមេដឹកនាំមីយ៉ាន់ម៉ាយល់ព្រមធ្វើរឿងនេះមិនមែនជារឿងបញ្ហាធម្មតាពេកទេ ហើយរឿងនេះវាឋិតនៅក្នុងគម្ពីរបស់អាស៊ាន ត្រូវបញ្ឈប់បន្ទាន់អំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវប្រកាន់ការអត់ធ្មត់ជាអតិបរិមា»

ជុំវិញករណីនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបន្ថែមទៀតដល់គ្រប់ភាគីទាំងអស់ត្រូវតែបញ្ឈប់អំពើហិង្សា ដែលជាការសម្លាប់គ្នា រាប់ទាំងការយកគ្រាប់បែកមកដាក់នៅស្ថានទូតកម្ពុជា ប្រចាំប្រទេសមីយ៉ាន់ម៉ាផងដែរ។ សម្តេចក៏បានរំឮកឡើងថា ប្រទេសកម្ពុជា បានរងទុក្ខសោកពេកហើយ បទពិសោធន៍គ្រប់គ្រាន់នៃភ្លើងសង្គ្រាមស៊ីវិល បង្កឱ្យព្រាតប្រាស់ក្រុមគ្រួសារ របួសពិការពេញប្រទេស គឺបង្កឡើងដោយសារតែភ្លើងសង្គ្រាមស៊ីវិល។

«អញ្ចឹងហើយបានជានយោបាយឈ្នះឈ្នះរបស់ខ្ញុំនេះ អនុវត្តន៍នៅកម្ពុជា ទទួលបានជោគជ័យរយៈពេល២៣ឆ្នាំរួចទៅហើយ ដែលបានបិទបញ្ចប់សង្គ្រាមស៊ីវិលនោះ ដែលទឹកដីនេះ៥០០ឆ្នាំមុនអត់ដែលបានឯកភាពម្តងណានោះទេ»។ នេះជាលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណដល់ជប៉ុន ដែលបានប្រកាសគាំទ្រ ជុំវិញរកសន្តិភាព ជូនប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដើម្បីឱ្យកម្ពុជាទទួលបានជោគជ័យ ក្នុងនាមជាប្រធានអាស៊ាន។ បន្ថែមពីនេះសម្តេចក៏បានស្នើសុំទៅកាន់ប្រទេសជប៉ុន ដើម្បីសុំរថយន្តក្នុងការចុះទៅបំពេញតួនាទីនៅមីយ៉ាន់ម៉ា។

ឆ្លៀតនៅក្នុងឱកាសនោះដែរ សម្តេចប្រធានអាស៊ាន បានបន្តថា ដើម្បីឱ្យមានការជឿទុកចិត្តសម្រាប់ភាគីទាំងអស់ អាស៊ានគប្បីដើរតួនាទីសម្របសម្រួល គូភាគីដែលមានជម្លោះឲ្យមានការឈប់បាញ់ ដែលកន្លងមកអាស៊ានមិនដែលធ្វើនោះទេ។ ការមិនមានអំពើហិង្សា និងសង្គ្រាមប្រដាប់អាវុធនៅប្រទេសមីយ៉ាន់ម៉ា នឹងបង្កបរិយាកាសអំណោយផល សម្រាប់ឈានឆ្ពោះទៅរកការសន្ទនាក្នុងន័យស្ថាបនា ហើយសម្រាប់ឈានឆ្ពោះទៅរកការបោះឆ្នោត ដែលភាគីមីយ៉ាន់ម៉ា កំណត់ធ្វើនៅក្នុងខែសីហា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ាមិនអាចបញ្ចប់ត្រឹមកម្ពុជា ធ្វើម្ចាស់ផ្ទះអាស៊ាននៅឆ្នាំ២០២២នេះទេ គឺជាងបន្តដល់ដៃប្រធានអាស៊ានថ្មី នៅឆ្នាំក្រោយៗទៀត។

គួរជម្រាបថា ក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបមេដឹកនាំលោក មីន អោងឡាំង នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ថ្មីៗនេះ ដើម្បីជួយរកដំណោះស្រាយភាពជាប់គាំងនៅក្នុងប្រទេសនេះ ក៏ដូចជានាំប្រទេសមីយ៉ាន់ម៉ាត្រឡប់មកអាស៊ានវិញផងដែរ។ ដែលជាលទ្ធផលលោក មីន អោងឡាំង បានសន្យានឹងសម្ដេចតេជោថារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នឹងពន្យាបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ សម្រួលដំណើរការទទួលយកជំនួយពីអាស៊ាន ព្រមទាំងសម្របសម្រួលឱ្យប្រេសិតពិសេសអាស៊ាន ក្នុងដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ា ឱ្យបានទៅជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុងប្រទេសរួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ផងដែរ៕