(ព្រះវិហារ)៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ បាត់ខ្លួនម្នាក់ និងរបួសធ្ងន់ស្រាល២នាក់ ក្នុងហេតុការណ៍ផ្ទុះមីន២ករណីផ្សេងគ្នានៅភូមិសែនតេជះ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។

លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានប្រាប់ឱ្យដឹងថា មានករណីផ្ទុះគ្រាប់ និងផ្ទុះមីនតោនចំនួន២ករណីផ្សេងគ្នា ក្នុងភូមិតែមួយ។ ករណីទី១ កើតឡើងនៅវេលាម៉ោង ១០៖១០នាទីព្រឹក ដោយសារដុតភ្លើងសំអាតគល់ឈើក្នុងចំការដំឡូង បណ្តាលឱ្យផ្ទុះគ្រាប់ស្លាប់ម្នាក់ឈ្មោះ ហួន លី អាយុ៤៣ឆ្នាំ ជាកងទ័ពវរ៣៩៥ ចំណុះកងពលតូចអន្តរាគមន៍លេខ៩។

ករណីទី២ ផ្ទុះមីនតោនកើតឡើងនៅវេលាម៉ោង ១១៖៣០នាទីព្រឹកនៅចំណុចវាលជាសជើងភ្នំមុំ៣ បណ្តាលឱ្យស្លាប់កងកម្លាំងរបស់អង្កការដោះមីនកម្ពុជាចំនួន២នាក់ បាត់ខ្លួនម្នាក់ និងរបួសធ្ងន់ស្រាលចំនួន២នាក់។ លោកថា ករណីនេះមិនទាន់ដឹងមូលហេតុពិតប្រាកដនោះទេ។

យោងតាមរបាយការណ៍របស់អធិការនគរបាលស្រុក បានបញ្ជាក់ថា ជនរងគ្រោះរួមមាន៖

*ទី១៖ ឈ្មោះ ស៊ុន វង្ស អាយុ២៩ឆ្នាំ (រកមិនឃើញ)
*ទី២៖ ឈ្មោះ ម៉ា ស៊ីម៉េត អាយុ៣២ឆ្នាំ
*ទី៣៖ ឈ្មោះ ម៉ន ចក់ អាយុ២៩ឆ្នាំ
*ទី៤៖ ឈ្មោះ អ៊ិ ប៉ាយ អាយុ២៦ឆ្នាំ រងរបួស
*ទី៥៖ ឈ្មោះ កែវ អាយុ៤៥ឆ្នាំ ប្រជាពលរដ្ឋ មុខរបកសិករ (អ្នកជូនផ្លូវ)។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងក្នុងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់នៃអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន, ទេសរដ្ឋមន្ត្រី លី ធុជ សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះ និងសាច់ញាតិទាំងអស់ ចំពោះមរណភាពរបស់ លោក ស៊ុន វង្ស, លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់ ដែលជាបុគ្គលិកបោសសម្អាតមីនរបស់អង្គការដោះមីនកម្ពុជា នៅក្នុងករណីផ្ទុះមីនតោន នៅភូមិសែនតេជៈ ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។

ទេសរដ្ឋមន្ត្រី លី ធុជ បានបង្ហាញក្តីសោកស្តាយយ៉ាងដូច្នេះថា៖ «យើងខ្ញុំទាំងអស់គ្នា មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមាបន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតចំពោះការទទួលមរណភាពរបស់បុគ្គលិកដោះមីនទាំង៣រូប នៅក្នុងកំឡុងពេលប្រតិបត្តិការបោសសម្អាតមីនមនុស្សធម៌។ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការសោកស្តាយ អាណិតអាសូរ ក្រៀមក្រំ និងអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារនៃសព»

បន្ថែមពីនេះ ទេសរដ្ឋន្ត្រី លី ធុជ បានបញ្ជាក់ថា ទាំងអស់គ្នា នឹងចងចាំនូវវីរៈភាពដ៏អង់អាចក្លាហានរបស់លោក ស៊ុន វង្ស លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់ ដែលបានបំពេញការងារមនុស្សធម៌ និងបានសង្គ្រោះជីវិតមនុស្សជាច្រើនអ្នកឱ្យរួចផុតពីការគម្រាមកំហែងដោយសារមីន ក្នុងរយៈពេលបំពេញការងារមនុស្សធម៌ជាច្រើនឆ្នាំកន្លងមកនេះ។

យើងខ្ញុំសូមលំឱនកាយបួងសួងដល់វិញ្ញាណក្ខន្ធលោក ស៊ុន វង្ស លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់ សូមអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕