(កណ្ដាល)៖ នគរបាលសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បានឃាត់ខ្លួនបុរសម្នាក់ក្រោយទទួលពាក្យបណ្ដឹងរបស់ស្ត្រីម្នាក់ប្ដឹងថា មានគេលួចថតរូបគាត់ពេលកំពុងងូតទឹកក្នុងបន្ទប់ទឹក។

ករណីនេះបានកើតឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៥៖៥៥នាទី នៅចំណុចបន្ទប់ទឹកជនផ្ទះជួលភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ មសធ អាយុ២០ឆ្នាំ រីឯជនសង្ស័យឈ្មោះ អ៉ិន ធី ហៅខ្លី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ។

នគរបាលរៀបរាប់ដំណើររឿងថា សភាពនៃរឿងហេតុថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែងូតទឹកនៅក្នុងបន្ទប់ទឹកប្រើរួមគ្នា ពេលនោះស្រាប់តែជនសង្ស័យដែលស្នាក់នៅបន្ទប់ផ្ទះជួលក្បែរគ្នា បានចូលបន្ទប់ទឹកជាប់គ្នាជាមួយជនរងគ្រោះដែរ ហើយបានដាក់ទូរសព្ទលួចថតរូបតាមប្រហោងឥដ្ឋ។

ពេលនោះ ត្រូវបានជនរងគ្រោះឃើញទូរសព្ទ សង្ស័យគេលួចថតក៏ទាញយកទូរសព្ទនោះមកមើលឃើញរូបខ្លួនជាប់ក្នុងទូរសព្ទរបស់ជនសង្ស័យ។ ភ្លាមនោះ ជនសង្ស័យបានមកសុំទូរសព្ទពីជនរងគ្រោះវិញ ហើយបានសុំទោសជនរងគ្រោះ ខណៈជនរងគ្រោះបានលុបរូបភាពចេញរួច ឲ្យទូរសព្ទទៅជនសង្ស័យវិញ។

នៅពេលជនសង្ស័យទៅធ្វើការបាត់ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកហូរតែម្តង។ លុះពេលជនសង្ស័យចេញពីធ្វើការវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ រួចបន្តបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕