(ភ្នំពេញ)៖ លោក ចាន់ សុធា អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានលើកឡើងថា ប្រជាពលរដ្ឋមានសិទ្ធិចូលរួម និងដឹងឮរាល់គម្រោងអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ខ្លួនតាំងពីដំណាក់កាលចាប់ផ្តើម រហូតដល់ការធ្វើសេចក្តីសម្រេចិត្ត និងការតាមដានត្រួតពិនិត្យលើគម្រោង។

ក្នុងសន្និសីទព័ត៌មានស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២ លោក ចាន់ សុធា បានលើកឡើងថា ក្រោមកម្មវិធីនៃការអភិវឌ្ឍន៍តាមប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប្រជាពលរដ្ឋ គឺជាតួអង្គដ៏សំខាន់សម្រាប់ជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋាន។

ជាមួយគ្នាក្រុមប្រឹក្សានៃរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ត្រូវតែចូលរួមផ្សព្វផ្សាយឱ្យទូលាយនូវព័ត៌មាន ដែលពាក់ព័ន្ធទៅនឹងដំណើរការបំពេញការងារការទទួលខុសត្រូវ និងពាក់ព័ន្ធទៅនឹងធនធាននានា ដែលរដ្ឋបាលថ្នាក់ក្រោមជាតិមាន។

លោក ចាន់ សុធា បានលើកឡើងដូច្នេះ «ពាក់ព័ន្ធការផ្តល់សេវា និងការអភិវឌ្ឍនៅមូលដ្ឋាន ត្រូវតែឱ្យប្រជាពលរដ្ឋបានដឹង។ ឃុំធ្វើការអ្វីខ្លះ? ឃុំប្រជុំក្រុមប្រឹក្សាសម្រេចអ្វីខ្លះ? ឃុំបានថវិកាប៉ុន្មានក្នុងឆ្នាំនេះ? ឃុំប្រើប្រាស់ថវិកាទៅលើគម្រោងអ្វីខ្លះ ត្រូវតែបង្ហាញប្រជាពលរដ្ឋ។ មានទ្រព្យសម្បត្តិអ្វីខ្លះ? ឃុំធ្វើសកម្មភាពអ្វីខ្លះ?»

លោកបន្ថែមថា «ពាក់ព័ន្ធការផ្តល់សេវា សេវារដ្ឋបាលដែលយើងផ្តល់ជូនប្រជាពលរដ្ឋតាំងពីប្រភេទសេវា តាំងពីកម្រៃ រយៈពេល នីតិវិធី យន្តការនៃការផ្តល់សេវារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបិទផ្សាយ ត្រូវផ្សព្វផ្សាយជូនប្រជាពលរដ្ឋ។ អ៊ីចឹងប្រជាពលរដ្ឋមានសិទ្ធិទទួលបានព័ត៌មានស្ទើរគ្រប់ជ្រុងជ្រោយ»

បើតាមលោក ចាន់ សុធា ការផ្តល់ព័ត៌មានទាំងនេះ ក្រុមប្រឹក្សារនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបិទផ្សាយតាមក្តាខៀននៅទីតាំងរដ្ឋបាលនីមួយៗ ឬផ្សព្វផ្សាយតាមមេក្រូ ព្រមទាំងមធ្យោបាយផ្សេងៗ ដូចជាការផ្សព្វផ្សាយតាមបណ្តាញសង្គមជាដើម។ ក្រៅពីវិធីដែលបានរៀបរាប់នេះ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋរៀងរាល់៦ខែម្តង៕