(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៧ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ដោយបានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុងស្រុក នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ, ប្រធាន អនុប្រធានអង្គភាព និងមន្ត្រីចំណុះឱ្យសាលាខេត្តជាច្រើននាក់ទៀត។

កិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈ ចំនួន៥សំខាន់ៗ រួមមាន៖

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៦ ឆ្នាំទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត
៣-ពិនិត្យ កែសម្រួល និងផ្តល់យោបល់លើសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីដំណើរការការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ របស់ខេត្តពោធិ៍សាត់
៤-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
៥-បញ្ហាផ្សេងៗ។

បន្ទាប់ពីមតិចូលរួមពីសំណាក់សមាជិក សមាជិការនោះរួចមក, លោក ជាវ តាយ បានជម្រាបជូនកិច្ចការរដ្ឋបាល ត្រូវអនុវត្តនាពេលខាងមុខ ដូចជាពេលថ្មីៗនេះ សម្តេចតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យបណ្តារាជធានីខេត្ត ស្រុក ក្រុង ខណ្ឌ ត្រូវបន្តជម្រុញអនុវត្ត ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញឱ្យបានឆាប់រហ័សបំផុត ដើម្បីបង្ការជំងឺកូវីដ១៩បំប្លែងថ្មី ប្រភេទអូមេក្រុង។

ជាមោទនៈភាពផងដែរថា ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរណ៍ មកលេងកំសាន្ត ក្នុងឱកាសបុណ្យ ៧ មករា ឆ្នាំ២០២២នេះ ដែលបានជាប់ចំណាត់ថ្នាក់លេខ៤ គឺទី១ក្រុងភ្នំពេញ ទី២ខេត្តព្រះសីហនុ ទី៣ខេត្តសៀមរាប និងទី៤ខេត្តពោធិ៍សាត់ ដែលបានផ្សព្វផ្សាយដោយក្រសួងទេសចរណ៍។

ពាក់ព័ន្ធទៅនឹងចរាចរណ៍នៅក្នុងទីប្រជុំជនក្រុង ពិនិត្យឃើញថាមធ្យោបាយធ្វើដំណើរបស់ប្រជាពលរដ្ឋ មានកំណើនខ្ពស់ ដូចនេះរដ្ឋបាលខេត្ត នឹងសហការជាមួយមន្ទីរ អង្គភាពជំនាញ ត្រូវរៀបចំកែលម្អចៀសវាងគ្រោះថ្នាក់ និងគ្រោងរៀបចំស្លាកសញ្ញាផ្លូវវាងក្រុង ដើម្បីឱ្យភ្ញៀវបានដឹងបានស្គាល់ ចៀសវាងការធ្វើដំណើរទៅផុត មកផុត នាំឱ្យបាត់ចំណូលសេដ្ឋកិច្ចខេត្ត។ ចំពោះគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ឆ្នាំ២០២២ នៅក្នុងខេត្ត ត្រូវខិតខំប្រឹងប្រែងសំដៅធ្វើយ៉ាងណា ឱ្យគ្រប់ផ្លូវទាំងអស់ស្អាតល្អ។

លោក ម៉ក់ រ៉ា បានសម្តែងនូវការគោរពកោតសរសើរ និងគាំទ្រអំពីចំណាត់ការដឹកនាំ គណៈបញ្ជាការឯកភាពខេត្តរបស់ឯកឧត្តម ដោយបានលើកឡើងថា គ្រប់ស្រុក ក្រុង មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ បន្តយកចិត្តទុកដាក់ពង្រឹង និងខិតខំអនុវត្តនូវរាល់បទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ជលផល បើមានករណីបទល្មើសនៅក្នុងតំបន់៣ ត្រូវតែប្រគល់ជូនរដ្ឋវិញ និងដាំដើមឈើនោះឡើងវិញ។

បន្តអនុវត្តនូវគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ឱ្យស្របទៅតាមគោលការច្បាប់ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ មានភាពរលូន មានតម្លាភាព និងរួមគ្នាខិតខំធ្វើអំពើល្អ ដើម្បីទទួលបានការគាំទ្រ និងពេញចិត្ត ពីសំណាក់ប្រជាពលរដ្ឋ ព្រមទាំងរួមគ្នាបង្ការទប់ស្កាត់ ជំងឺកូវីដ១៩ គ្រោះថ្នាក់ចរាចរណ៍ និងផ្តល់នូវសម្ភារបរិក្ខា ដល់សាលារៀន សម្រាប់ចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពេលកំពុងបង្រៀន និងរៀនឱ្យបានគ្រប់ទីកន្លែង៕