(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចសន្ទនាតាមទូរសព្ទរវាង លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន ដែលបានធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

ក្រសួងការបរទេស បញ្ជាក់ថា ក្នុងជំនួបនោះ លោកឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះជំនួយជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមទាំងជំនួយដ៏ថ្លៃថ្លា ក្នុងការគាំទ្រដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់កម្ពុជា និងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីជំងឺរាតត្បាតសកលនេះ។

លោក ហាយ៉ាហ្ស៊ី បានសម្តែងការអបអរសាទរដល់កម្ពុជា ចំពោះការបំពេញតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំនេះ និងបញ្ជាក់សាជាថ្មី អំពីការគាំទ្រ និងការត្រៀមខ្លួនរបស់ជប៉ុន ក្នុងការធ្វើការជិតស្និទ្ធជាមួយកម្ពុជា ដើម្បីភាពជោគជ័យនៃប្រធានអាស៊ាននេះ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាយ៉ាងទូលំទូលាយលើទំនាក់ទំនងទ្វេភាគី និងបានកត់សម្គាល់ដោយការពេញចិត្តបំផុត ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការពហុ-វិស័យរវាងកម្ពុជា និងជប៉ុន។ រដ្ឋមន្ត្រីទាំងពីរ បានឯកភាពពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ខណៈដែលឆ្នាំនេះជាខួបលើកទី៣០ នៃបេសកកម្មនៅក្រៅប្រទេសលើកដំបូងរបស់កងកម្លាំងស្វ័យការពារជប៉ុននៅកម្ពុជា ក្រោមប្រតិបត្តិការរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិ។

បន្ថែមលើជំនួយកន្លងមករបស់ជប៉ុនចំពោះកម្ពុជា ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែស្នូលនៃប្រទេសកម្ពុជា និងលើវិស័យផ្សេងៗទៀត រដ្ឋមន្រ្តី ហាយ៉ាហ្ស៊ី បានជម្រាបជូន លោកឧបនាយករដ្ឋមន្រ្តី ប្រាក សុខុន ថា ប្រទេសជប៉ុនកំពុងពិចារណាផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជា សម្រាប់ការដោះមីន ការផ្គត់ផ្គង់ទឹកស្អាត និងអគ្គិសនីផងដែរ ក្នុងចំណោមវិស័យផ្សេងទៀត។

ក្រៅពីក្របខ័ណ្ឌទ្វេភាគី រដ្ឋមន្ត្រីការបរទេសទាំងពីរក៏បានពិភាក្សាអំពីបញ្ហាមីយ៉ាន់ម៉ា ដែលភាគីទាំងពីរបានសម្តែងនូវការព្រួយបារម្ភរួម ចំពោះអំពើហិង្សាដែលកំពុងបន្តមាននៅក្នុងប្រទេសនេះ។ ទន្ទឹមនឹងការសង្កត់ធ្ងន់ថា កម្ពុជាផ្តល់សារៈសំខាន់យ៉ាងខ្លាំងចំពោះការឯកភាព និងមជ្ឈភាពភាពរបស់អាស៊ាន ព្រមទាំងការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ក៏ដូចជាការរក្សាអាស៊ាន ១០ប្រទេស លោក ប្រាក់ សុខុន បានជម្រាបជូនសមភាគីជប៉ុន ដោយសង្ខេបអំពីលទ្ធផលជាវិជ្ជមាននៃដំណើរទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី ០៧-០៨ ខែមករា ឆ្នាំ២០២២ផងដែរ។ លោក ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ជប៉ុន ដល់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។

ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេស ហាយ៉ាហ្ស៊ី បានអបអរសាទរ លោកឧបនាយករដ្ឋមន្រ្តី ដែលទទួលបានការតែងតាំងជាបេសកជនពិសេសរបស់ប្រធានអាស៊ាន និងបានបញ្ជាក់សាជាថ្មីអំពីការគាំទ្ររបស់ជប៉ុនចំពោះកិច្ចខិតខំប្រឹងប្រែង និងការសម្របសម្រួលរបស់កម្ពុជា ក្នុងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាលើបញ្ហាមីយ៉ាន់ម៉ា។ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់ និងចំណាប់អារម្មណ៍រួម រួមទាំងបញ្ហាឧបទ្វីបកូរ៉េ។

ចុងបញ្ចប់នៃកិច្ចសន្ទនានេះ លោក ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការរង់ចាំទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេស ហាយ៉ាហ្ស៊ី មកកម្ពុជា នៅពេលដែលពេលវេលាអំណោយផល។ លោក ហាយ៉ាហ្ស៊ី ទន្ទឹងរង់ចាំមកបំពេញទស្សនកិច្ច និងចូលរួមក្នុងកិច្ចប្រជុំអាស៊ានពាក់ព័ន្ធក្នុងឆ្នាំនេះ៕