(ត្បូងឃ្មុំ)៖ លោកស្រី ណែនស៊ី អ៊ីសលីក នាយិកាបេសកកម្ម នៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិថ្មី (USAID) ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំប្រតិភូចូលជួប សំដែងការគួរសម និងពិភាក្សាការងារជាមួយលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ។

ក្នុងជំនួបនៅសាលាខេត្តត្បូងឃ្មុំនាឱកាសនោះ លោកស្រី ណែនស៊ី អ៊ីសលីក បានជម្រាបជូនលោក ជាម ច័ន្ទសោភ័ណ ថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ប្រចាំនៅកម្ពុជា បានសហការជាមួយ ដៃគូអនុវត្តកម្មវិធីផ្សេងៗជាច្រើន ដែលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទាំង២៥ខេត្ត-ក្រុង។

លោកស្រីបានបន្តថា USAID បានផ្តោតលើការពង្រឹងសិទ្ធិមនុស្ស និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ លើកកម្ពស់ផ្នែកសុខភាពនិងអាហារូបត្ថម្ភ គាំទ្រការអប់រំ និងការអភិវឌ្ឍកុមារ បង្កើនផលិតកម្មកសិកម្មនិងសន្តិសុខស្បៀង អភិរក្សព្រៃឈើនិងទីជម្រាល ព្រមទាំងជួយកសិករ និងក្រុមគ្រួសារក្នុងការបន្ស៊ាំ និងកាត់បន្ថយនូវឥទ្ធិពលនៃគ្រោះធម្មជាតិ។

ជាការឆ្លើយតប លោក ជាម ច័ន្ទសោភ័ណ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ អនុវត្តការងារនៅខេត្តត្បូងឃ្មុំកន្លងទៅ ដោយផ្ដោតលើវិស័យ សុខាភិបាល និងអប់រំ ដែលមានមន្ទីរសុខាភិបាល និងមន្ទីអប់រំខេត្ត តែងតែសហការអនុវត្តការងារ បានយ៉ាងល្អ អំពីសកម្មភាពការងារនិងការគាំទ្រគម្រោង ជាពិសេសការពង្រឹងគុណភាពសេវាផ្នែកសុខាភិបាល ដែលមានមន្ត្រីរបស់ USAID នៅប្រចាំក្នុងមន្ទីរពេទ្យតែម្តង។

លោក ជាម ច័ន្ទសោភ័ណ ក៏បានសំណូមពរឱ្យអង្គការ USAID ពិចារណា និងបន្ត១អាណត្តិថ្មីបន្តទៀត ដើម្បីរួមចំណែកជួយអភិវឌ្ឍខេត្តត្បូងឃ្មុំបន្ថែមទៀត ឲ្យកាន់តែរីកចម្រើនទាំងវិស័យសុខាភិបាល និងវិស័យអប់រំផងដែរ៕