​(ភ្នំពេញ)៖ នៅ​​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ សៀវភៅថ្មីដែលមានចំណងជើងថា «រាជ​រដ្ឋាភិ​បាល​​​​​កម្ពុជា(ភាគ២)​-ជោគជ័យក្នុងសង្រ្គាមដណ្តើមជីវិតពលរដ្ឋពី​មាត់ជ្រោះ​មរណៈ​ កូវីដ-១៩ (១ សីហា - ៣១ ធ្នូ ២០២១)» ដែលមានកម្រាស់ជាង៨០០ទំព័រ ត្រូវ​បាន​អ្នកសារព័ត៌​មាន​ជើង​ចាស់មួយរូប​ចេញ​ផ្សាយជាផ្លូវការហើយ។

​លោក ឆាយ សុផល អ្នកចងក្រងសៀវភៅ និងជា​សាស្ត្រាចារ្យ​​ព័ត៌មាន​ផង ​បាន​ប្រាប់​បណ្តាញ​​ព័ត៌​​​មាន Fresh News ថា ដើម្បី​រម្លឹក​​​ពីការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​ប្រកប​ដោយ​យុទ្ធ​សាស្រ្ត និង​ការ​ទទួលខុសត្រូវ​ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ របស់​​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា ជា​​ពិសេសរបស់សម្តេច​តេជោ ហ៊ុន សែន នាយ​ក​រដ្ឋមន្ត្រី ក្នុង​ការ​ជួយ​សង្រ្គោះ​ជីវិត​ប្រជា​ពល​​រដ្ឋ​ពី​ជំងឺ​កូវ-១៩​ លោកក៏បាន​ចំណាយ​ពេលគ្មានលស់ថ្ងៃ ដើម្បី​​តាម​ដាន​​ ​កត់​ត្រា​ និង​ចងក្រង​ពីព្រឹត្តិ​ការណ៍​​នានាសម្រាប់សៀវភៅនេះ។

លោក ឆាយ សុផល បានអះអាងថា ជាការពិត នរណាៗ​ក៏បានដឹង​ពី​ព្រឹត្តិការណ៍​ដ៏​អាក្រក់​​នៃជំងឺកូ​វីដ-១៩ ទាំងប្រភេទចាស់​ និងប្រភេទបំប្លែងថ្មីនេះដែរ ខណៈ​​​​​​​មនុស្សនៅ​ក្នុង​ពិ​ភព​លោក​​ស្លាប់​​​រាប់​​លាននាក់ ប៉ុន្តែ​​លោកនៅតែ​​ប្រមូល​​​ដំណឹង​ រួមទាំងសារ​ទាំង​សំណេរ និងសំឡេងរបស់សម្តេច​តេជោ, សេចក្តីប្រកាស​ព័ត៌​មាន, វិធាន​ការគោលការណ៍​ស្តង់ដារប្រតិ​បត្តិ (SOP), វិធានការនានារបស់ក្រសួងសុខាភិបាល និងច្បាប់ ក្នុងការទប់ស្កាត់ការចម្លងរីករាលដាល​នៃជំងឺនេះ មក​ចងជាបណ្តុំ ផ្គុំជាមួយឯកសារ ក្នុង​បំណងទុកជាជំនួយស្មារតី សម្រាប់អ្នក​​សិក្សា​ស្រាវ​​ជ្រាវ​​​​ជំនាន់ចាស់ថ្មី ។​

​លោក​បន្តថា ​ពិត​ជាមិន​ងាយស្រួលនោះទេ​នៅពេល​ជំងឺ​ផ្ទុះឡើងនៅក្នុងសហគមន៍ ហើយ​ដូចសម្តេចតេជោ លោកមានប្រសាសន៍ហើយថា គ្រាប់​បែកអាចបំផ្លាញផ្ទះមួយ និងអាចបំផ្លាញបានភូមិមួយបាន ដោយគេ​យកវាទៅវាយប្រហារគ្នានៅក្នុងសង្រ្គាម ប៉ុន្តែ​បើគ្រាប់​បែកសេដ្ឋកិច្ចផ្ទុះ នោះវា​អាច​បំផ្លាញប្រទេសទាំងមូល ហេតុ​នេះហើយ ទើប​រាជ​រដ្ឋាភិ​បាល​គិត​យ៉ាង​ហ្មត់​ចត់ ដោយស្មាម្ខាងប្រឹងរែកពន់សុខភាពសាធារណៈ ខណៈ​ស្មា​ម្ខាង​ទៀត​ប្រឹង​លី​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច ដោយទប់ស្កាត់អតិផរណា។​

​អ្នកចងក្រងសៀវភៅរូបនេះ បានបន្តថា ពលរដ្ឋខ្មែរមួយចំនួនឆាប់ភ្លេចណាស់ ដូច្នេះកំណត់​​ត្រា​នេះ​ពិត​​​ជា​ឯកសារជំនួយ​ស្មារតីជួយរម្លឹកពី​ប្រវត្តិសាស្រ្តនៃមនុស្ស​ជាតិ​ដែល​កើត​មាន​​នៅ​ក្នុង​សម័យ​កាល​​នេះ។

លោក ឆាយ សុផល ក៏បានបញ្ជាក់ដែរថា ការចេញសៀវភៅនៅ​ថ្ងៃ​ទី១៤ ខែមករានេះ ក៏ក្នុងបំណងចូលរួមរម្លឹក​ថ្ងៃឡើង​កាន់តំណែងជានាយករដ្ឋមន្រ្តីជាផ្លូវការ​លើក​ទី​៣៧​​​​​​​ឆ្នាំ​​​ចាប់តាំងពីឆ្នាំ១៩៨៥ របស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។​

​សូម​បញ្ជាក់ថា នៅក្នុងផ្នែកមួយនៃអារម្ភកថានៃសៀវភៅនោះ អ្នកនិពន្ធបាន​សរសេរ​ថា «ថ្វីដ្បិតតែប្រទេសកម្ពុជាជាប្រទេសតូច មានសេដ្ឋកិច្ច​​មិន​ធំ​ដូចប្រទេសមួយ​ចំនួន​នៅ​ក្នុង​តំបន់ និងនៅក្នុង​ពិភព​​លោក​​ក៏​ដោយ ក៏ សម្តេចតេជោ ប្រមុខ​រាជរដ្ឋា​ភិ​បាល​​កម្ពុជា​បាន​​ប្រើ​​ប្រាស់​​​​​កម្លាំង​​ និងមធ្យោបាយសរុប រួម​ទាំងរឹតបន្តឹងវិន័យ ក៏​ដូចជាការអនុវត្ត​ច្បាប់ និង​​ធ្វើ​ទំនាក់​​​ទំនង​​ល្អ​ រួម​ទាំង​ការ​រៀប​ចំ​​​យុទ្ធសាស្រ្ត​ច្បាស់​លាស់​​​​ត្រៀម​ទុកជាមុន ទើប​​ធ្វើឱ្យ​ប្រទេស​​​​ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុង​ការ​ទប់​ស្កាត់​​ការរីក​រាល​ដាលទ្រង់ទ្រាយធំ​​នៃ​ការ​ឆ្លង​​ជំងឺ​​សាកល​​នេះ»

​សំណេរ​បន្តថា «ពិតជាមិនអាចប្រកែកបានទេដែលថា រាជរដ្ឋាភិបាលកម្ពុជា ដឹក​នាំ​ដោយ​សម្តេចអគ្គ​មហា​​​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ និង​ក្រសួង ​ស្ថាប័ន​រដ្ឋ កង​កម្លាំង​ប្រដាប់អាវុធ រួម​​​ទាំង​កាក​បាទ​ក្រហម​កម្ពុជា ក្រុមគ្រូពេទ្យស្ម័គចិត្ត​សម្តេចតេជោ (TYDA)​ និង​សម្ព័ន្ធក្រុមគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាផង​ បាន​ពួត​ដៃ​​សាមគ្គីគ្នា​​​ក្នុង​​គ្រា​ដ៏​លំបាក ដើម្បី​ធ្វើ​យ៉ាង​ណា​​សង្រ្គោះ​ជីវិត​មនុស្ស​ក្នុង​ដំណាក់​កាល​នៃ​ជំងឺ​រាត​ត្បាត»។

​បើតាមលោក ឆាយ សុផល បានឱ្យដឹងថា ក្រៅពីតែ​ការ​ពិពណ៌​នា​​​អំ​ពី​​សកម្ម​ភាព​របស់​ប្រទេស​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​ដ៏​កាច​​សាហាវ​នេះ ព្រឹត្តិការណ៍​នយោ​បាយ​នៅ​ក្នុង​ប្រទេស តំបន់ និងអន្តរជាតិ​ខ្លះៗ​ រួម​ទាំង​ការ​​​អភិវឌ្ឍ​ផងដែលពាក់ព័ន្ធនឹងកម្ពុជា​​ក្នុង​កាលៈ​ទេសៈ​​​នៃ​ការរាតត្បាត​ជំងឺ​កូវីដ-១៩ ក៏​ត្រូវ​​បាន​​បញ្ចូល​នៅក្នុ​ង​កំណត់​ត្រា​នេះ​​ដែរ។​

ព្រឹត្តិការណ៍​នយោបាយរួមមាន វិសោធនកម្មរដ្ឋធម្មនុញ្ញ​បិទ​តំណែង​កំពូល​សម្រាប់​ខ្មែរ​​​មាន​សញ្ជាតិ​លើសពីមួយ, បក្ខជននាយករដ្ឋមន្រ្តីរបស់គណបក្ស​ប្រជាជន​កម្ពុជា, បញ្ហា​​​កម្ពុជា និង អាម៉េរិក-ចិន, បញ្ហាកម្ពុជា មីយ៉ានម៉ា និង អាស៊ាន-ចិន ព្រម​ទាំង​សន្តាន​ចិត្ត​ចែក​រំលែក​របស់កម្ពុជាដល់​បរទេស​ផង។ នេះ​បើ​តាម​ការ​រៀប​រាប់​ពីលោក ឆាយ សុផល។

សូម​​​​រម្លឹកថា សៀវភៅភាគ១ មានកម្រាស់ជិត៩០០ទំព័រ រៀបរាប់​ពី​ព្រឹត្ត​ការណ៍​កូវីដ​-​​១៩​​ (ខែធ្នូ ២០១៩- ១ សីហា ឆ្នាំ២០២១) បានចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១។ សៀវ​​ភៅ​ភាគ​២ មាន​​កម្រាស់​​​​ជាង​៨០០ទំព័រ រៀបរាប់បន្តពីថ្ងៃទី១ ខែសីហា មក​ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ២០២១ ជា​ពេល​វេលា​ដែល​ប្រមុខ​រាជ​រដ្ឋាភិ​បាល​បាន​បិទ​បញ្ចប់​​ព្រឹត្តិ​ការណ៍​សហ​គមន៍​​២០កុម្ភៈ ឆ្នាំ​២០២១។​

សៀវភៅនេះត្រូវបានបោះពុម្ពជា​បឋម​ចំនួន​៥​ពាន់​ច្បាប់ដោយ​ក្នុងមួយច្បាប់ក្នុងតម្លៃជាង​១៤​ដុល្លារ។ បើ​តាមលោក ឆាយ សុផល សៀវភៅនេះ ក្រៅពីមានលក់ខ្លះនៅតាមបណ្តាគារ លោកក៏យកទៅចែកជូននៅបណ្ណាល័យជាតិ និងបណ្តាល័យនៃសកលវិទ្យាល័យរដ្ឋនិងឯកជនក្នុងរាជធានី-ខេត្តផងដែរ។

នៅពេលដែលអ្នកសារព័ត៌មានម្នាក់សួរថា ​«តើលោកសាស្ត្រាចារ្យបញ្ចប់​កំណត់ត្រា​ពី ​កូវីដ-១៩ នៅ​​ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មែនទេ?» លោក ឆាយ សុផល ក៏បាន​ឆ្លើយ​មិន​បង្អង់​ថា «ដរាបណាកូវីដ-១៩ នៅតែមាន ហើយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រមុខ​រាជ​រដ្ឋា​ភិ​បាល​​បច្ចុប្បន្ន​នៅ​តែ​បន្ត​ ខ្ញុំ​មិន​រា​រែក​​កត់ត្រាទុក និង​ចង​ក្រង​ជាឯកសារឡើយ។ ខ្ញុំ​ធ្វើ​បែប​នេះ​គឺ​​ទុក​សម្រាប់​ប្រវត្តិ​សាស្រ្ត​មនុស្សជាតិនៅជំនាន់បន្ទាប់។

​បន្ទាប់មក មានអ្នកសារព័ត៌ម្នាក់ទៀតបន្តសួរថា «ហេតុអ្វីបានលោកសរសេរសៀវភៅ ដែល​គេឯងដឹងគ្រប់គ្នាហើយនោះ?» លោក ឆាយ សុផល ឆ្លើយថា «មនុស្ស​ជំនាន់​នេះ គឺ​ពួក​គាត់មួយ​ចំនួន​​​មិនសូវចាប់​អារម្មណ៍​ទេ ប៉ុន្តែ​នៅ​ជំនាន់​ក្រោយៗ សៀវភៅរឹតតែសំខាន់ ហើយ​ស្មេរ​​​បាន​​គិត​រួច​ជា​ស្រេចពីចំណុចនេះ។ ឧទាហរណ៍ គម្ពីរមួយចំនួនដែល​ដូន​តាយើង​បា​ន​ចារ​​កាល​​ពី​សម័យ​កាលមុន ​ទំនង​ជា​មិន​សូវមានអ្នកចាប់អារម្មណ៍ដែរនាសម័យកាលនោះ ប៉ុន្តែ​វាមានតម្លៃនៅសម័យកាលបន្ទាប់រហូតមកដល់បច្ចប្បន្ន»