(ភ្នំពេញ)៖ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានចេញមុខរិះគន់ថា លោក សម រង្ស៊ី មេក្រុមប្រឆាំងក្រៅច្បាប់ គឺជា «អ្នកក្លាហានអណ្តើកក្នុងស្នូក» ក្រោយប្រកាសអួតអាងថា នឹងចូលខ្លួនឱ្យតុលាការកាត់ទោសជំនួស លោក កឹម សុខា។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ លោកមុត ចន្ថា បានសម្ដែងការហួសចិត្ត និងអស់សំណើច នៅពេលដែល លោក សម រង្ស៉ី ចេញមុខជាថ្មីដោយតាំងខ្លួនឯងជា «គង់ហ៊ាន» ខណៈដែលសារធាតុ និងចរិតធម្មជាតិរបស់ខ្លួនជាមនុស្សកំសាកញី ជាមាន់ត្រចៀកស ជាទន្សាយព្រៃ ជាសត្វឈ្លូស ដែលចេះត្រឹមផ្អើលរត់គេចពីការទទួលខុសត្រូវ ទោះបីគ្រាន់តែគេគោះប៉ោត។

លោក មុត ចន្ថា បានបញ្ជាក់ដូច្នេះថា៖ «លោក សម រង្ស៉ី ចេញមុខប្រកាសចង់ចូលខ្លួនឱ្យតុលាការកាត់ទោសជំនួស ឯកឧត្តម កឹម សុខា។ ប្រសិនជាប្រជាពលរដ្ឋខ្មែរមិនបានដឹងពីសារធាតុ និងចរិតកំសាកពីធម្មជាតិរបស់គាត់ទេ ម្លេះគេអាចយល់ច្រឡំថា គាត់ជាមនុស្សក្លាហាន តែតាមពិតគាត់គ្រាន់តែជាមនុស្សក្លានហានអណ្តើកក្នុងស្នូក ដែលមិនដែលហ៊ានប្រថុយ ឬផ្សងគ្រោះថ្នាក់ ម្តងណាឡើយ»

លោកបានរៀបរាប់ថា តាមពិត លោក សម រង្ស៉ី ត្រូវបានតុលាការកាត់ទោសជាច្រើនបទឧក្រិដ្ឋដែលត្រូវប្រឈមនឹងការជាប់ពន្ធនាគារជាង ៤០ឆ្នាំ ក្នុងរយៈពេល ៤ឆ្នាំមកនេះ ប៉ុន្តែគាត់មិនដែលមានភាពក្លាហានសុំចូលខ្លួនឱ្យតុលាការកាត់ទោសដោយផ្ទាល់ម្តងណាឡើយ។ ចំណែកការកាត់ទោសកាលពីអតីតកាល ក៏គាត់មិនមានភាពក្លាហានបង្ហាញវត្តនៅក្នុងតុលាការដូចគ្នា។ ផ្ទុយទៅវិញ គាត់គិតតែពីរត់គេចខ្លួនទៅសម្ងំយកសុខយកស្រួល ក្រោមលេសចោទថាតុលាការទេឡេ។ ម្យ៉ាងវិញទៀត សំណុំរឿងព្រហ្មទណ្ឌត្រូវបានបំបែកចេញពីសំណុំរឿងក្តីរបស់ លោក កឹម សុខា សម្រាប់លោក សម រង្ស៉ី និងគូកនរបស់គាត់ ដែលតុលាការក៏បានកោះហៅគាត់និងគូកនឱ្យចូលខ្លួនមកកាន់តុលាការ ដើម្បីទទួលការកាត់ទោស ប៉ុន្តែពួកគាត់មិនដែលហ៊ានបង្ហាញមុខម្តងណាឡើយ បែរជាធ្វើពុតចង់ចូលខ្លួនឱ្យតុលាការកាត់ទោសជំនួសនៅពេលនេះ។ កុំធ្វើជាអ្នកក្លាហានដូចអណ្តើកក្នុងស្នូក! បោកៗៗៗ!

បើតាមលោកមុត ចន្ថា, លោក សម រង្ស៉ី កំពុងព្យាយាមដោយចេតនាទុច្ចរិត ដើម្បីទាញភ្ជាប់ លោក កឹម សុខា ជាមួយអំពើល្មើសច្បាប់ថ្មីៗជាច្រើនរបស់គាត់ ខណៈដែល លោក កឹម សុខា មិនដែលចូលរួម ឬមិនដែលគាំទ្រ និងថែមទាំងថ្កោលទោសយ៉ាងដាច់ខាតទៀតនោះ។ លោក សម រង្ស៉ី បានបង្កើតពាក្យស្លោកដោយអត្តនោម័តិ គឺ «សម រង្ស៉ី - កឹម សុខា ជាមនុស្សតែមួយ» ដើម្បីបន្លំនិងបំភ័ន្តមតិសាធារណជាតិ និងអន្តរជាតិ ក្នុងគោលបំណងបម្រើឱ្យមហិច្ឆតានយោបាយរបស់ខ្លួន។ លោក កឹម សុខា បានសុំឱ្យក្រុមមេធាវីរបស់គាត់ប្រកាសបដិសេធជាច្រើនលើកចំពោះពាក្យស្លោកនេះ និងបានទាមទារឱ្យលោក សម រង្ស៉ី បញ្ឈប់យកឈ្មោះ លោក កឹម សុខា ទៅប្រើប្រាស់តទៅទៀត ប៉ុន្តែលោក សម រង្ស៉ី នៅតែមានះក្នុងចេតនាទុច្ចរិត។ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ លោក កឹម សុខា បានចេញសេចក្តីថ្លែងការណ៍ដោយផ្ទាល់ ប្រាប់ទៅលោក សម រង្ស៉ី និងគូនកន ឱ្យបញ្ឈប់យកឈ្មោះនិងរូបថតរបស់គាត់ទៅប្រើប្រាស់ ដើម្បីបម្រើឱ្យមហិច្ឆតានយោបាយ និងអំពើខុសច្បាប់របស់ពួកគេ តទៅទៀត។

«ជាគោលការណ៍នីត្យានុកូលភាព ទង្វើខុសច្បាប់របស់អ្នកណាទោះស្ថិតក្នុងដំណាក់កាលចោទប្រកាន់ អ្នកនោះត្រូវប្រឈម ដោយមិនអាចប្តូរមនុស្សផ្សេងឱ្យមកទទួលជំនួសបាននោះទេ។ ដូច្នេះអ្វីដែលលោក សម រង្ស៉ី ប្រកាសចូលខ្លួនឱ្យតុលាការកាត់ទោសជំនួស គឺជាអំពើល្ងង់ខ្លៅខាងចំណេះដឹងច្បាប់ ឬគាត់ធ្វើពុតចង់បង្ហាញភក្តីភាពក្លែងក្លាយចំពោះ ឯកឧត្តម កឹម សុខា ដើម្បីបិទបាំងភាពកំសាករបស់គាត់ ដែលរត់ចោលជាតិ និងអ្នកគាំទ្រទៅរស់សម្ងំយកសុខយកស្រួលនៅក្រៅប្រទេស ហើយនិងដើម្បីបោកប្រជាពលរដ្ឋខ្មែរ ប៉ុណ្ណោះ»។ នេះបើតាមការបញ្ជាក់របស់មនុស្សជំនិត លោកកឹម សុខា។

លោកបន្តថា «ប្រសិនជាលោក សម រង្ស៉ី ក្លាហានប្រាកដមែន គួរដើរចូលពន្ធនាគារ ដើម្បីបំពេញទោសជាង ៤០ឆ្នាំដែលតុលាការបានកាត់រួចហើយនោះ និងប្រឈមនឹងការកាត់ទោសចំពោះសំណុំរឿងឧក្រិដ្ឋផ្សេងទៀត ដោយមិនចាំបាច់ធ្វើពុតជាក្លាហានក្លែងក្លាយចូលខ្លួនឱ្យតុលាការកាត់ទោសជំនួស ឯកឧត្តម កឹម សុខា ឡើយ»