(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីជំរុញការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋត្រូវទៅចាក់ដូសទី៣ ឬដូសជំរុញ នៅតាមទីតាំងដែលបាននិងកំពុងដំណើរការ ក្រោយដល់ពេលវេលាកំណត់។

លោក ឯក ឃុនដឿន បានបញ្ជាក់ថា ពេលនេះទូទាំងមូលដ្ឋានខណ្ឌ បាននិងកំពុងបន្តយុទ្ធនាការបើកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី១ ដូសទី២ (ដូសមូលដ្ឋាន) និងដូសទី៣ ឬពិសេសដូសជំរុញ ដល់កុមារអាយុចាប់ពី១២ឆ្នាំឡើងទៅ ក្រោយពីបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួចរាល់ហើយមានគម្លាតរយៈពេល៤ខែឡើង ចំនួន២ទីតាំងផ្សេងគ្នា ក្រៅពីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ បន្ថែមទៀតសម្រាប់មន្ត្រីជួរមុខ ដើម្បីបង្ការទប់ស្កាត់វីរូសបំប្លែងថ្មី «អូមីក្រុង» ស្ថិតនៅមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១ និងនៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ សង្កាត់គីឡូម៉ែត្រលេខ៦។

ក្នុងឱកាសនោះ លោក ឯក ឃុនដឿន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវប្រកាន់ភ្ជាប់ឲ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរហើយត្រូវ បន្តអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ «៣កុំ និង៣ការពារ» ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ឯក ឃុនដឿន អភិបាលខណ្ឌ ព្រមទាំងមន្ដ្រីរាជការខណ្ឌ បានអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ (ដូសជំរុញ ឬដូសទី៤) ស្ថិតនៅមណ្ឌលសុខភាពគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១ និងនៅមន្ទីរពេទ្យបង្អែក សម្ដេចឪ សម្ដេចម៉ែ សង្កាត់គីឡូម៉ែត្រលេខ៦ ក្រោយពីទទួលបានសេចក្ដីជូនដំណឹង ពីរដ្ឋបាលរាជធានីភ្នំពេញ៕