(ព្រះសីហនុ)៖ ឆ្លើយតបនឹងផែនការសកម្មភាពរបស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងផែនការសកម្មភាពរបស់អនុគណៈកម្មាធិការឃោសនា និងចលនាមហាជនស្រុកព្រៃនប់ លោក សំហេង បុរស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ចុះជួបសំណេះសំណាលជាមួយជនបង្គោលយុវជនគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន ៧៥នាក់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់។

លោក សំហេង បុរស បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចំពោះបងប្អូនយុវជនគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់ទាំងអស់ដោយសេចក្តីនឹងរលឹក និងយកចិត្តទុកដាក់បំផុត។

លោក សំហេង បុរស បានស្នើសុំឲ្យក្រុមការងារយុវជនគណបក្សគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ តាមដាន និងក្តាប់ឲ្យបាននូវរាល់សកម្មភាពនានា ដែលបាននឹងកំពុងកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងស្វែងយល់ពីបញ្ហាប្រឈម សំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ និងស្នើសុំគោលការណ៍សម្រេចពីថ្នាក់ដឹកនាំ ក្នុងការធ្វើការវាយបកទៅនឹងពួកអមិត្ត ដែលមានបំណងមិនល្អមកលើគណបក្សប្រជាជនកម្ពុជា ដើម្បីត្រៀមខ្លួនរួម
ក្នុងការយកប្រៀបឈ្នះ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៅខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

ក្នុងនោះលោកបាន ឧបត្ថម្ភថវិកា ដល់សមាជិក សមាជិកា ក្រុមការងារយុវជនចំនួន៧៥នាក់ ដោយក្នុងម្នាក់ទទួលបានថវិកាឧបត្ថម្ភចំនួន៤ម៉ឺនរៀល។

លោក សំហេង បុរស ក៏បានក្រើនរំលឹកដល់ក្រុមការងារយុវជនទាំងអស់ ត្រូវមានអនាម័យជាប់ជានិច្ច រក្សាគំលាត និងអនុវត្តវិធានការ «៣កុំ ៣ការពារ» ក៍ដូចជាវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះនៅកម្ពុជា៕