(ភ្នំពេញ)៖ ប្រជាពលរដ្ឋតំបន់អភិវឌ្ឍន៍ឫស្សីកែវ ចំនួន៦៥គ្រួសារ និងប្រជាពលរដ្ឋ ចំនួន១៧៧ទៀត ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានចាប់ផ្ដើមមានការសប្បាយរីករាយជាខ្លាំង នៅពេលទទួលបានប្រកាសផ្សព្វផ្សាយដំណឹងតំបន់វិនិឆ្ឆ័យអំពីការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ (កម្មសិទ្ធិស្របច្បាប់) ពីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខណ្ឌ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញ។

ក្នុងពិធីប្រកាសតំបន់ធ្វើការវិនិច្ឆ័យ នៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធនេះ ក៏មានការអញ្ជើញចូលរួមជាអធឹបតីភាពផងដែរ ពីលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ លោក ពឹង រតន: អនុប្រធានមន្ទីរ ដនសស រាជធានីភ្នំពេញ រួមដំណើរដោយមន្ត្រីនៃមន្ទីរ ដនសស, មន្ត្រីខណ្ឌ-សង្កាត់ និងប្រជាពលរដ្ឋ ប្រមាណជាង១០០នាក់។

លោក ឯក ឃុនដឿន ក្នុងនាមអាជ្ញាធរខណ្ឌឫស្សីកែវ នៅក្នុងពិធីប្រកាសផ្សព្វផ្សាយជាតំបន់វិនិឆ្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទីតាំងពាក់ព័ន្ធ និងការចុះបញ្ជីដីធ្លីខាងលើនេះ ត្រូវរងចាំនៅលើទីតាំងដី ដើម្បីផ្ដិតមេដៃទទួលស្គាល់នូវព្រំដីរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ពីក្រុមមន្ត្រីជំនាញបច្ចេកទេស នៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការវាស់វែងសម្រង់ប្រមូលទិន្នន័យត្រៀមចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូន បន្ទាប់ពីបញ្ចប់ពិធីប្រកាសជាតំបន់វិនិឆ្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ។

សូមជម្រាបថា ក្រោមការដឹកនាំ និងគិតគូយ៉ាងយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺបានដាក់ចេញនូវកម្មវិធី ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ សម្រាប់រាជធានីភ្នំពេញ និងខេត្តដ៏ទៃទៀត ក្នុងប្រទេសកម្ពុជា។

គណៈកម្មាធិការរដ្ឋបាលកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី មានភារកិច្ចចាំបាច់ផ្សព្វផ្សាយការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់ប្រជាពលរដ្ឋ និងដោះស្រាយនូវរាល់ទំនាស់ដីធ្លីក្នុងពេលចុះស្រង់ទិន្នន័យ ដោយក្រុមបច្ចេកទេសជំនាញ សុរិយោដីចំពោះម្ចាស់អចលនវត្ថុ ប្រភេទទ្រព្យ ទីតាំងអចលនវត្ថុ ដើម្បីវាស់វែងកំណត់ព្រំដី និងកសាងប្លង់សុរិយោដី ក្រៅពីអាជ្ញាធរ ភូមិ-សង្កាត់ មានភារកិច្ចចូលរួមសហការក្នុងការផ្សព្វផ្សាយ និងស្រង់ទិន្នន័យ៕