(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសតាមរយៈទំព័រ Facebook ផ្លូវការរបស់ខ្លួននៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ លោកបានត្រៀមម៉ូតូចំនួន៣៣គ្រឿង សរុបថវិកាប្រមាណជាង៧ម៉ឺនដុល្លារ ប្រគល់សិស្សដែលប្រឡងជាប់និទ្ទេស A ចំនួន៣៣នាក់ នៅក្នុងខេត្តដែលការលើកទឹកចិត្ត ដែលអំណោយទាំងនេះ មានការចូលរួមបរិច្ចាគពីសប្បុរសជននានាផងដែរ។

ក្រោយទទួលបានលទ្ធផលដ៏គាប់ប្រសើរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់យ៉ាងដូច្នេះ៖ «សូមចូលរួមអបអរសាទរជាមួយនឹងក្មួយៗ ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡង ២៧ ធ្នូ ២០២១ ជាពិសេស ក៏សូមកោតសរសើរដល់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់និទ្ទេស A ជាច្រើននាក់ បើទោះស្ថិតក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលជំងឺ១៩ ក៏ដោយ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលខេត្ត ក៏សូមអរគុណចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបានផ្ដល់ឱកាសឱ្យក្មួយៗ បានរៀនសូត្រពេញលេញ រហូតទទួលបាននូវកិត្តិយស គឺជយលាភីល្អសម្រាប់ខ្លួនគេ សម្រាប់គ្រួសារ សម្រាប់សាលារៀន និងសម្រាប់ខេត្តកំពង់ស្ពឺរបស់យើង តាមរយៈនេះសូមលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្ស ជាពិសេសក្មួយៗ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះវិជ្ជា មកចូលរួមអភិវឌ្ឍន៍គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល»

ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយរលូន ក្រសួងអប់រំ យុវជន និងកីឡា បានពង្រឹងកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថ អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា អគ្គីសនីកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ។ ដោយឡែកខេត្តកំពង់ស្ពឺ សិស្សប្រឡងសញ្ញាបត្រទុតិយភូមិជាប់និទ្ទេសAមានចំនួន៣៣នាក់៕