(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ១នាក់ និងរឹបអូសគ្រឿងញៀនជាង ៦ គីឡូក្រាម នៅរាជធានីភ្នំពេញ។

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២នេះ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៩៖២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៣) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប្រុញ សាន និងលោកឧត្តមសេនីយ៍ទោ ភឹម ចន្ទ័តារ៉ា នាយករងមន្ទីរ ព្រមទាំងមានការសម្របសម្រួលពីលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបនៅចំណុច ផ្ទះជួលលេខ១ ផ្លូវលេខ៦ បូរីសែនសុខ សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លទ្ធផលនៃការបង្ក្រាបនេះ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ លី ស៊ូចៃ (LY XU JAY) ភេទប្រុស កើតឆ្នាំ១៩៥៩ ជនជាតិ ចិន រឹបអូសវត្ថុតាងចាប់យករួមមានអ៊ិចស្តាស៊ី(MDMA)ទម្ងន់សុទ្ធ ៦ គីឡូក្រាម, កេតាមីន(KETAMINE)ទម្ងន់សុទ្ធ ១០.២៥ក្រាម និងឧបករណ៍កែច្នៃមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕