(កែប)៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធតិបតីភាពក្នុងពិធីប្រកាសតែងតាំងមុខតំណែងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកែប ជូនលោកវរសេនីយ៍ទោ ហ៊ត សីហា អតីតមេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងព្រះសីហនុ។

ពិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់លោកស្នងការ ស្នងការរង នាយការយាល័យ មេបញ្ជាការ មេបញ្ជាការរង ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តកែបជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី បានផ្ដាំផ្ញើដល់មេបញ្ជាការរងអាវុធហត្ថដែលទើបនឹងទទួលតំណែងថ្មី ឱ្យចេះសាម្គីគ្នា កុំប្រកាន់បក្យពួក និយមកុំគុំគួន និងគ្នា ត្រូវចេះរួបរួមសុខរួមទុកជាមួយ រួមគ្នាធ្វើការ ដើម្បីឱ្យអង្គភាពបានជោគជ័យ ត្រូវអនុវត្តន៍តាមច្បាប់របស់រាជរដ្ឋាភិបាល ព្រោះយើងជាមន្រ្តីនគរបាលយុត្តិធម៌ ត្រូវអនុវត្តន៍តាមក្រិត្យក្រំរបស់ខ្លួន ទៅតាមការណែនាំគ្រប់ឯកសារកតិយុទ្ធ គោរពតាមបទបញ្ជាផ្ទៃក្នុង របស់កងកម្លាំងប្រដាប់អាវុធ គោរពតាមបទបញ្ជាមេបញ្ជាការខេត្ត អាជ្ញាធរដែនដី និងត្រូវអនុវត្តន៍ទៅតាមច្បាប់ គ្រប់បទដ្ឋានកតិយុទ្ធទាំងអស់។

ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ក៏បានផ្ដាំផ្ញើឱ្យលោក ហ៊ត សីហា ខិតខំប្រឹងប្រែងធ្វើការបន្តទៀតដើម្បី ដឹកនាំមន្រ្តីរបស់ខ្លួនបង្រ្កាបបទល្មើសផ្សេងៗ ក្នុងដែនដីរបស់ខ្លួន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោកបន្តទៀតថា អាវុធហត្ថត្រូវតែក្ដោបព័ត៌មានឱ្យជាប់ មិនថាផ្នែកណាក៏ដោយ ត្រូវតែទទួលព័ត៌មានឱ្យច្បាស់ទើបយើងបង្រ្កាបបានព្រោះបាវចនារបស់អាវុធហត្ថ បង្ការ បង្រ្កាប និងសង្រ្គោះ ដែលជាទ្រឹស្តីរបស់នាយឧត្តមសេនីយ៍ សៅ សុខា ដាក់ជូនកងកម្លាំងដើម្បីអនុវត្តជាប្រចាំ៕