(បាត់ដំបង)៖ អគារមត្តេយ្យសិក្សា១ខ្នង មាន៣បន្ទប់ទឹក តម្លៃ៧ម៉ឺនដុល្លារ នៅក្នុងបរិវេណសាលាបឋមសិក្សាវត្តគរ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅភូមិវត្តគរសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាអំណោយសប្បុរសជនរបស់លោក ឃឿន សុខុម និងលោកស្រី មឿន សាមឿត ព្រមទាំងសប្បុរសជនមួយចំនួនទៀត ត្រូវបានដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ថ្នាក់ដឹកនាំ មន្រ្តី ការិយាល័យអប់រំ យុវជន និងកីឡាក្រុងបាត់ដំបង អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សនុសិស្ស និងប្រជាពលរដ្ឋចូលរួមផងដែរ។

លោក សុខ លូ បានលើកឡើងថា ថ្នាក់កម្រិតមតេយ្យសិក្សា មានសារសំខាន់ណាស់ ពោលជាថ្នាលបណ្តុះបណ្តាលតូច ដែលមានអាយុតិចត្រៀមចូលរៀននៅកម្រិតបឋមសិក្សាខាងមុខនោះ ធ្វើឲ្យក្មេងបានស្គាល់មិត្តភក្តិ ស្គាល់សង្គមខាងក្រៅ បង្កើតភាពស្និទ្ធស្នាលរវាងគ្រូ និងសិស្ស ដែលជាគ្រិះមូលដ្ឋានសំខាន់ណាស់សម្រាប់អប់រំបណ្តុះបណ្តាលបន្តទៅថ្នាក់ខ្ពស់ជាបន្តបន្ទាប់បាន បើគ្មានថ្នាក់មតេយ្យជាមូលដ្ឋានទេ គ្រិះចំណេះដឹងរបស់
សិស្សខ្វះភាពក្លាហាន ដូច្នេះហើយទើបវិស័យអប់រំបង្កើតបានបង្កើតថ្នាក់មត្តយ្យសិក្សានេះនៅគ្រប់ទីកន្លែង។

លោកអភិបាលខេត្ត បានរម្លឹកអំពីការបង្ការ ទប់ស្កាត់ការឆ្លងកូវីដ១៩ ចាក់វ៉ាក់សាំងដូសទី៣ បាននិងកំពុងបន្តចាក់ឲ្យបានគ្រប់គ្នា ហើយមន្រ្តីរាជការជួរមុខ នឹងត្រូវចាក់វ៉ាក់សាំងដូសទី៤ និងបន្តចាក់ជូនប្រជាពលរដ្ឋក្នុងឆ្នាំ២០២២ តាមការកំណត់មន្រ្តីជំនាញសុខាភិបាល ឲ្យបានគ្រប់ៗគ្នា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំកំពូលពិសេសគឺសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានខិតខំគិតគូរពីសុខភាពសាធារណ:របស់ប្រជាពលរដ្ឋ ទូទាំងប្រទេសរហូតបានជោគជ័យ និងបន្តរក្សាបានស្ថេរភាពនយោបាយ សុខសន្តិភាពជារៀងរហូតតទៅ។

លោក សុខ លូ បានបន្តថា «ទោះជាយើងបានចាក់វ៉ាក់សាំងគ្រប់ដូសហើយក៏ដោយ ក៏នៅតែឆ្លង តែការឆ្លងនេះវាមិនអាចធ្វើឲ្យយើងឈឺធ្ងន់នោះទេ គឺឈឺប្រភេទស្រាលព្យាបាលបាលជាសះស្បើយបាន ដោយមិនមានការភ័យខ្លាចដែរ ព្រមទាំងបានគោរពវិធានការរបស់សុខាភិបាល «៣កុំ និង៣ការពារ» ជានិច្ចផងដែរ»

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត បានអំពាវនាវដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា សូមនាំគ្នាគោរពច្បាប់ទាំងអស់គ្នាទើបអត្រាស្លាប់ និងរងរបួស ការគ្រោះថ្នាក់ចរាចរណ៍អាច កាត់បន្ថយ បានឲ្យកម្រិតទាបបំផុតម្យាងទៀត យើងត្រូវចៀសវាងដល់ការផាកពិន័យទៅតាមច្បាប់របស់សមត្ថកិច្ចនគរបាលចរាចរណ៍នានាផងដែរ បើយើងគោរពច្បាប់ ត្រឹមគឺគ្មានសមត្ថកិច្ចណាផាកពិន័យ យើងបានទេ តែបើនៅតែល្មើសមិនគោរពច្បាប់ គឺគេចមិនផុតក្នុងការផាកពិន័យនោះដែរ។

ជាកិច្ចបញ្ចប់ គណ:អធិបតីបានកាត់ខ្សែបូ និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងបំពាក់គ្រឿងឥស្សរយសជូនសប្បុរសជនគ្រប់ជាកាថ្លែងអំណរគុណ ដែលបានចូលរួមកសាងសង្គមជាតិខ្មែរឲ្យកានតែរីកចម្រើនផងដែរ៕