(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ មានសិស្សប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មួយចំនួន បានមកដាក់ញត្តិសុំឲ្យក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រួតពិនិត្យពិន្ទុពួកគេឡើងវិញ។ ក្រោយពីការដាក់ញត្តិរួចរាល់ ពួកគេបានត្រឡប់ទៅវិញ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់យ៉ាងខ្លីថា «ខ្ញុំពុំទាន់អាចអធិប្បាយករណីនេះជូនបាននៅឡើយទេ»

ឆ្លើយតប Comment របស់សិស្សម្នាក់ដែលប្រឡងធ្លាក់បាក់ឌុប ហើយសុំសម្តេចតេជោ ហ៊ុន សែន ឲ្យគេបានជាប់នោះ, សម្តេចតេជោនាយករដ្ឋមន្ត្រី ជំរុញឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ហើយប្រឡងឡើងវិញនៅឆ្នាំក្រោយ។

សម្តេចតេជោ បានសរសេរ Comments យ៉ាងដូច្នេះថា «បើប្រឡងធ្លាក់ហើយ បែរជាមានការយោគយល់ឲ្យជាប់យើងមិនបាច់ប្រឡងទេ នាំអស់លុយ និងកម្លាំង។ សូមចៅខិតខំរៀន ដើម្បីឆ្នាំក្រោយចូលប្រឡងបន្តទៀត»

សូមជម្រាបថា លទ្ធផលប្រឡងបាក់ឌុប សម័យប្រឡង២៧ ធ្នូ ២០២១ មានបេក្ខជនប្រឡងជាប់ចំនួន ៧២ ០១៦ នាក់ ត្រូវជា ៦៥.៦៥% (បើប្រៀបធៀប នឹងឆ្នាំ២០១៩ ចំនួន ៦៨.៦២%) ក្នុងនោះបេក្ខជនដែលទទួលបាននិទ្ទេស A មានចំនួន ១ ៧៥៣ នាក់ (ឆ្នាំ២០១៩ ចំនួន ៤៤៣ នាក់)។

ការប្រឡងបានប្រព្រឹត្ត ទៅកាលពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១ ដោយមានមណ្ឌលប្រឡង នៅគ្រប់រាជធានី ខេត្ត សរុប២០៤មណ្ឌល, បន្ទប់ប្រឡង ៤ ៦១៥ បន្ទប់, និងបេក្ខជនចុះឈ្មោះ ក្នុងបញ្ជីសរុប១១៤,១៨៧នាក់៕