(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានជំរុញមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវដោះស្រាយបញ្ហាកង្វល់នានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់សំដៅធ្វើយ៉ាងណា ឲ្យមូលដ្ឋានមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។

ការថ្លែងរបស់លោក ជា សុមេធី បានធ្វើឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ឆ្នាំ២០២១ នៅស្រុកកំចាយមារនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

នៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានការរួមពីលោក ម៉ក់ វន សមាជិកក្រុមប្រឹក្សាខេត្តព្រមទាំងលោក លោកស្រី ជាប្រធាន/អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមប្រឹក្សាឃុំ និងបងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយ សំណូមពរ និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធ នឹងទំនាស់ដីធ្លី ការជួសជុលផ្លូវថ្នល់ ការតបណ្ដាញអគ្គិសនីប្រើប្រាស់ ការចេញប្លង់កម្មសិទ្ធដីធ្លី ការងារអប់រំ និងប្រពន្ធស្រោចស្រប់ស្រូវ រួមបញ្ហាផ្សេងៗជាច្រើនទៀត។

លោក ជា សុមេធី បានបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តមានគោលបំណង គឺបង្កើតនូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យភាពតាមបែបប្រជាធិបតេយ្យតាមរយៈ ការផ្ដល់ព័ត៌មានដល់ ប្រជាពលរដ្ឋអំពីសមិទ្ធផលនានា ដែលក្រុមប្រឹក្សាសម្រេចបាន និងបញ្ហាប្រឈមនានា ក្នុងឆ្នាំ២០២១ ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋអំពីគម្រោងអាទិភាពនានា នៃផែនការអភិវឌ្ឍរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២២ ផ្ដល់ឱកាស ដល់ប្រជាពលរដ្ឋ ទទួលបានព័ត៌មាន និងលើកជាមតិយោបល់ជូនក្រុមប្រឹក្សា និងទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងធ្វើការឆ្លើយតប។

លោក ជា សុមេធី បានបន្ថែមថា វេទិកាពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានបញ្ចេញនូវមតិយោបល់ ព្រមទាំងលើកឡើងពីក្តីព្រួយបារម្ភ រួមទាំងបញ្ហាប្រឈមរបស់ខ្លួនពិសេសក្នុងមូលដ្ឋាន ដែលបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅដើម្បីឲ្យអ្នកពាក់ព័ន្ធបកស្រាយ និងនាំយកបញ្ហាទាំងនោះមកពិភាក្សាគ្នាដោះស្រាយ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

លោកអភិបាលខេត្ត ក៏បានទទូលយកបញ្ហាប្រឈម និងសំណូពរនានារបស់ក្រុមប្រឹក្សាឃុំ ទាំងអស់ ដើម្បីយកទៅប្រជុំពិភាក្សា និងបង្កើតគណកម្មការធ្វើការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួនឲ្យទាន់ពេលវេលា ធ្វើយ៉ាងណា ជួយសំរួលដល់បងប្អូនប្រជាពរដ្ឋ ឱ្យបានល្អកាន់តែប្រសើរឡើងបន្ថែមទៀតផងដែរ។

លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលស្រុកកំចាយមារ រដ្ឋបាលឃុំ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ យ៉ាងយកចិត្តទុកដាក់ ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានបានទាន់ពេលវេលា និងសូមឲ្យបន្ដចូលរួមខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ពង្រឹងភូមិឃុំមានសុវត្ថិភាពពិសេសចូលរួមគោរពវិធានការ៣កុំ ៣ការពារទាំងអស់គ្នា៕