(កំពង់ចាម)៖ ដោយយល់ពីភាពចាំបាច់បន្ទាន់ទៅលើការប្រើប្រាស់នូវឧបករណ៍វេជ្ជសាស្រ្ត និងបរិក្ខារក្នុងមន្ទីរពិសោធន៍ សម្រាប់ឆ្លើយតបទៅនឹងជំងឺកូវីដ១៩ កម្រិតថ្នាក់ខេត្ត ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានធ្វើការផ្តល់ជូននូវម៉ាស៉ីន PCR សម្រាប់ធ្វើតេស្តមេរោគកូវីដ១៩ និងឧបករណ៍បច្ចេកវិទ្យាឆ្លាតវៃលើរូបភាពវេជ្ជសាស្រ្ត ជូនដល់មន្ទីរពេទ្យខេត្តកំពង់ចាម។

សេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបានបញ្ជាក់ថា JICA បានផ្តល់ជូននូវម៉ាស៉ីន PCR សម្រាប់ធ្វើតេស្តមេរោគកូវីដ១៩ និងឧបករណ៍បច្ចេកវិទ្យាឆ្លាតវៃលើរូបភាពវេជ្ជសាស្រ្ត ជូនដល់មន្ទីរពេទ្យខេត្តកំពង់ចាម គឺតាមរយៈគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស «គម្រោងពង្រឹងសមត្ថភាពឆ្លើយតបនឹងជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា»។ លើសពីនេះទៀត ឧបករណ៍បច្ចេកវិទ្យាឆ្លាតវៃលើរូបភាពវេជ្ជសាស្រ្តចំនួនមួយឈុតផ្សេងទៀតនឹងត្រូវប្រគល់ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបងផងដែរ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។

ឧបករណ៍បច្ចេកវិទ្យាឆ្លាតវៃលើរូបភាពវេជ្ជសាស្រ្តនេះ គឺត្រូវបានបំពាក់ដោយប្រព័ន្ធដ៏ឆ្លាតវៃជួយដល់គ្រូពេទ្យងាយស្រួល ក្នុងការមើលរូបភាពពីម៉ាស៉ីនថតកាំរស្មីអិច និងដើម្បីកាត់បន្ថយហានិភ័យនៃកំហុសដោយអចេតនា ក្នុងការធ្វើរោគវិនិច្ឆ័យ ឬការត្រួតពិនិត្យណាមួយដែលអាចនឹងកើតឡើង។ លើសពីនេះទៀត ឧបករណ៍នេះអាចជួយដល់ក្រុមវេជ្ជបណ្ឌិត ធ្វើរោគវិនិឆ្ឆ័យលើជំងឺរលាកសួត និងដុំពកក្នុងសួតបានផងដែរ ដែលជាទូទៅត្រូវបានគេសង្កេតឃើញថា វាកើតឡើងលើអ្នកជំងឺដែលផ្ទុកជំងឺកូវីដ១៩។

ដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា JICA បានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត ក្នុងការផ្តល់នូវឧបករណ៍ និងជំនួយបច្ចេកទេសចាំបាច់នៅក្នុងស្ថានភាពលំបាកនៃការរីករាលដាលនៃជំងឺនេះ និងរួមគ្នាជាធ្លុងមួយដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល និងដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ហើយសង្ឃឹមថាការគាំទ្រទាំងនេះ នឹងអាចជួយដល់បុគ្គលិកសុខាភិបាលដែលបាន និងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕