(បាងកក)៖ កម្ពុជាមានកេរ្តិ៍ឈ្មោះនៅក្នុងតំបន់ និងក្នុងកិច្ចការអន្តរជាតិតាំងពីយូរណាស់មកហើយ ពោលគឺមិនមែនទើបតែមាន នៅក្រោយពេល សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាទេ។ ជាងនេះទៅទៀតដំណើរទស្សនកិច្ចនេះវាជាប្រៀបបាន ដូចជាការត្រួសត្រាយផ្លូវបង្កើតឱកាស ដើម្បីឱ្យអាស៊ានជួបជុំគ្រួសាររបស់ខ្លួនឡើងវិញ។

សម្ដេចនាយករដ្ឋមន្ត្រី នឹងត្រូវទទួលខុសត្រូវលើបន្ទុកដ៏ធ្ងន់មួយនេះពេញមួយឆ្នាំ ជាមួយការធានាចំពោះអាស៊ានថា រូបលោកកំពុងធ្វើសកម្មភាព ក្នុងចេតនាល្អ និងក្នុងនាមអាស៊ាន ព្រមទាំងដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់ទាំងមូល។ តែវាមិនមែនជារឿងងាយស្រួលនោះទេ។ និយាយដោយស្មោះ ប្រទេសមួយចំនួនមិនចង់ឃើញយុទ្ធសាស្ត្រដោះស្រាយបញ្ហារបស់សម្ដេចតេជោទទួលបានជោគជ័យនោះឡើយ។ ពួកគេសង្ឃឹមថា លោកនឹងទទួលបរាជ័យក្នុងការអះអាងថា កម្ពុជាអាចទុកចិត្តបាន និងមិនមែនកំពុងធ្វើសកម្មភាពបម្រើផលប្រយោជន៍បរទេស។

កម្ពុជាបានឡើងកាន់តំណែងជាប្រធានអាស៊ាន នៅចំពោះមុខបញ្ហាធំៗជាច្រើនត្រូវដោះស្រាយ ក្នុងនោះរួមមានវិបត្តិ COVID-19 និងការងើបចេញ ពីវិបត្តិមួយនេះ, ផលប៉ះពាល់បង្កឡើងដោយការប្រជែងដណ្ដើមឥទ្ធិពលគ្នារវាងពួកមហាអំណាច, បញ្ហាមីយ៉ាន់ម៉ា និងជម្លោះសមុទ្រចិនខាងត្បូង, ឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម ហើយចុងក្រោយគេ គឺអាស៊ានកំពុងប្រឈមមុខនឹងបញ្ហាផ្ទៃក្នុង។ មានបញ្ហាជាច្រើនទៀតដែលមានពាក់ព័ន្ធនឹង សសរស្តម្ភទាំង៣ នៃសហគមន៍អាស៊ាន ដែលត្រូវចាំបាច់ត្រូវបានវាយតម្លៃ និងពង្រឹងបន្ថែម។ របៀបវារៈទាំងនេះនឹងកាន់តែធ្វើឱ្យប្រធានអាស៊ានកាន់តែមមាញឹក។

យ៉ាងណាក៏ដោយ សម្រាប់សម្ដេចតេជោ ហ៊ុន សែន ជោគជ័យនៃការកាន់តំណែងជាប្រធានអាស៊ានរបស់លោក នឹងត្រូវបានកំណត់ដោយបញ្ហា
ធំៗចំនួន៣ នោះគឺភាពរីកចម្រើនក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា, កិច្ចចរចាស្ដីពីក្រមប្រតិបត្តិក្នុងតំបន់សមុទ្រចិនខាងត្បូង និងការធ្វើ
ប្រតិបត្តិការចក្ខុវិស័យអាស៊ានចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP)។ ទទួលតំណែងជាប្រធានអាស៊ាន មិនទាន់បានមួយសប្ដាហ៍ស្រួលបួលផង លោកបានបំពេញទស្សនកិច្ចទៅកាន់រដ្ឋធានីណៃពិដោរ (Nay Pyi Taw) ដើម្បីត្រួសត្រាយផ្លូវនាំមីយ៉ាន់ម៉ាត្រឡប់មកកាន់គ្រួសារអាស៊ានវិញ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងជាច្រើនលើកថា ក្នុងនាមជាសមាជិកអាស៊ាន មីយ៉ាន់ម៉ាមានសិទ្ធិចូលរួមក្នុងកិច្ចប្រជុំនានារបស់អាស៊ាន ហើយ «ការរួបរួមគ្នា» គឺជារឿងដ៏សំខាន់បំផុតសម្រាប់សាមគ្គីភាពអាស៊ាន។ មានតែសមាជិកអាស៊ានចំនួន ២ប៉ុណ្ណោះ ដែលបានបង្ហាញការមិនពេញចិត្តទៅនឹងការសម្រេចចិត្តរបស់កម្ពុជា ក្នុងការអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin ចូលរួមរួមក្នុងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេស។

ពិតមែនទៅ លោក Wunna Maung Lwin អាចចូលរួមក្នុងកិច្ចប្រជុំអាស៊ាន ពាក់ព័ន្ធដោយមិនចាំបាច់មានការអញ្ជើញ។ កាលពីជាងបួនខែមុន ពោលគឺក្រោយការសម្រេចចិត្តហាមលោក មីង អោង ឡាំង (Min Aung Hlaing) ចូលរួមកិច្ចប្រជុំអាស៊ាន កាលពីខែតុលា ឆ្នាំ២០២១ លោក Wunna Maung Lwin ក៏ធ្លាប់បង្ហាញពីឆន្ទៈមិនចង់រួមកិច្ចប្រជុំផងដែរ។ ដូច្នេះគ្មានថ្នាក់ដឹកនាំអាស៊ានណាម្នាក់រំពឹងថា ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងចូលរួមក្នុងកិច្ចប្រជុំ ក្នុងរយៈពេលខ្លីខាងមុខនេះនោះទេ។

យ៉ាងណាមិញ កិច្ចប្រជុំអាស៊ានលើកទី៤០ និងលើកទី៤១ នឹងត្រូវប្រព្រឹត្តទៅជាបន្តបន្ទាប់នៅដើមខែវិច្ឆិកា ឆ្នាំ២០២២នេះ។ នៅពេលនោះ, វាអាចនឹងមានភាពរីកចម្រើននៅក្នុងការអនុវត្តគោលការណ៍កង់សង់ស៊ីស៥ចំណុច ដែលនឹងកែប្រែការសម្រេចចិត្តរបស់អាស៊ានកាលពីខែតុលា ឆ្នាំ២០២១។ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀន ឡុង (Lee Hsien Loong) បានសង្ខេបយ៉ាងខ្លីនៅក្នុងការបញ្ជាក់ជំហររបស់លោកថា ដោយមិនមានការរីកចម្រើន ការសម្រេចចិត្តពាក់ព័ន្ធ នឹងការចូលរួមប្រជុំរបស់មេដឹកនាំរបបបយោធាមីយ៉ាន់ម៉ា នឹងមិនមានការកែប្រែឡើយ។

គ្មានប្រធានអាស៊ានណាមួយធ្លាប់ទទួលរងការវិនិច្ឆ័យយ៉ាងម៉ឺងម៉ាត់ ដូចជាកម្ពុជានោះទេ។ ក្រុមអ្នករិះគន់ភាគច្រើនបាននិយាយថា សកម្មភាពរបស់ សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើឱ្យអាស៊ានបែកបាក់ ក៏ដូចជានឹងទទួលស្គាល់របបដឹកនាំដ៏ឃោរឃៅមួយតែប៉ុណ្ណោះ។ នេះអាចនិយាយបានថា «កម្ពុជាធ្វើក៏ខុស មិនធ្វើក៏ខុស»។ ជាការពិតណាស់ នៅមុនចាប់ផ្ដើមកាន់តំណែងជាប្រធានអាស៊ាន អ្វីដែលកម្ពុជាត្រូវធ្វើមុនគេ នោះគឺស្ដារឡើងវិញនូវស្មារតីជឿជាក់គ្នាទៅវិញទៅមក និងចំណងមិត្តភាពនៅក្នុងចំណោមសហសេវិកអាស៊ាន នៅគ្រប់កម្រិត។

ក្នុងរយៈពេល២ឆ្នាំមកនេះ និងដោយសារការឆ្លងរាតត្បាត COVID-19 ទំនាក់ទំនងរវាងបណ្ដាមេដឹកនាំអាស៊ានមានការធ្លាក់ចុះ។ ពួកគេបានជួប មុខគ្នាតែតាមវីដេអូដែលចំណេញពេលវេលា តែវាមិននាំមកនូវភាពស្និទស្នាលរវាងគ្នាដូចជាកិច្ចប្រជុំជួបមុខផ្ទាល់នោះទេ។ ម្លោះហើយទើប កម្ពុជា ទទូចឱ្យរៀបចំជំនួបទល់មុខនៃកិច្ចប្រជុំចង្អៀត ថ្នាក់រដ្ឋមន្ត្រីការបរទេស។ កិច្ចប្រជុំនេះត្រូវបានលើកពេលទៅសប្ដាហ៍ទី១ នៅខែកុម្ភៈវិញ ខណៈ ដំបូងឡើយកិច្ចប្រជុំនេះត្រូវធ្វើឡើងតាមការគ្រោងទុកនៅថ្ងៃទី១៨ ខែមករានេះ។ ការណាត់ជួបគ្នានៅខេត្តសៀមរាប នឹងអាចជម្រះបញ្ហាសំខាន់ៗ មួយចំនួន ជាពិសេសអំពីសារតាំង និងអ្នកតំណាងរបស់មីយ៉ាន់ម៉ា។

នៅឯកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេស, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក ប្រាក់ សុខុន (Prak Sokhonn) ត្រូវតែប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពឡើងវិញ នៅក្នុងចំណោមសហសេវិករបស់លោក។ កាលពីឆ្នាំ២០២១, វិបត្តិគ្មានច្រកចេញរបស់ មីយ៉ាន់ម៉ា បានបង្កការខូចខាតយ៉ាងខ្លាំងដល់ឯកភាព និងសាមគ្គីភាពនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។ នៅក្រោមតំណែងជាប្រធានអាស៊ាន របស់កម្ពុជា វាពិតជាសំខាន់ណាស់ក្នុងការធានាឱ្យបានថា មេដឹកនាំអាស៊ានទាំងអស់មានការឯកភាពគ្នា ចំពោះវត្ថុបំណងរួមរបស់អាស៊ាន។ សមាជិកនីមួយៗ នៅតែមានសិទ្ធិអធិបតេយ្យដើម្បីបង្ហាញទស្សនយល់ឃើញដោយឯករាជ្យ ហើយទោះជាមានការខ្វែងគំនិតគ្នាយ៉ាងណា ក៏ពួកគេតែងតែឯកភាពគ្នាលើ «យន្ដការកង់សង់ស៊ីស» ដដែល។ កាលណាបានឯកភាពគ្នាហើយ, អាស៊ានមិនដែលបដិសេធទៅនឹងយន្ដការកង់សង់ស៊ីសនោះទេ។

តែដោយមិនមានការជឿទុកចិត្តគ្នា ទៅវិញទៅមក, វានឹងបង្កផលលំបាកដល់ប្រធានអាស៊ានបច្ចុប្បន្ន ក្នុងការសម្រេចឱ្យនូវសមិទ្ធផល ពីព្រោះតែខ្វះកង់សង់ស៊ីស។ កាលពីឆ្នាំមុនការខ្វែងគំនិតគ្នា និងភាពចម្រូងចម្រាសលើការតែងតាំងបេសកជនពិសេសអាស៊ាន នៅក្នុងចំណោមសមាជិកអាស៊ានសំខាន់ៗ អាចនឹងយកមកធ្វើជាឧទាហរណ៍មួយដ៏ល្អសម្រាប់ការសិក្សា។ នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី០៥ ខែមករាកន្លងទៅ មេដឹកនាំអាស៊ាន បានស្វាគមន៍ការតែងតាំងលោក ប្រាក់ សុខុន ជាបេសកជនពិសេសអាស៊ាន ជំនួសរដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសប៊្រុយណេ លោក Erywan Yusof។ មិនតែប៉ុណ្ណោះ ពួកគេក៏បានពិភាក្សាគ្នាដែរ ពីសំណើបំពេញទស្សនិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា របស់សម្ដេចតេជោ ហ៊ុន សែន និងថែមទាំង បានទទូចឱ្យមានការធ្វើបទសង្ខេបខ្លីពីលទ្ធផលទៀតផង។ ជាលក្ខណៈផ្លូវការ ប្រធានអាស៊ានក៏បានស្វែងរកកង់សង់ស៊ីស សម្រាប់បេសកជនពិសេសផងដែរ។

កម្ពុជា បាន និងកំពុងធ្វើការដោយផ្អែកលើមូលដ្ឋានដែលគេហៅថា «ការរួបរួមគ្នា» នៃបណ្ដាមេដឹកនាំអាស៊ាន។ បន្ថែមពីលើនេះ អាស៊ានត្រូវតែបញ្ចេញសំឡេងតែមួយ ដោយសារតែមានកិច្ចប្រជុំកំពូលចំនួន៣ ដែលនឹងត្រូវរៀបចំឡើងនៅក្នុងតំបន់ ក្នុងនោះរួមមានកិច្ចប្រជុំអាស៊ាននៅកម្ពុជា, កិច្ចប្រជុំកំពូល G20 នៅឥណ្ឌូណេស៊ី ព្រមទាំងកិច្ចប្រជុំមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក រៀបចំឡើងនៅក្នុងប្រទេសថៃ។ ខែវិច្ឆិកាខាងមុខ នឹងក្លាយជាពេលវេលាដ៏សំខាន់ និងជាខែដ៏មមាញឹកក្នុងឆ្នាំ២០២២នេះ ដោយមេដឹកនាំពិភពលោកនឹងណាត់ជួបគ្នានៅក្នុងតំបន់។

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ, មានព័ត៌មានជាច្រើនផ្សាយថាអ្នកការទូតអាស៊ាន កំពុងឈ្លោះប្រកែកគ្នាជុំវិញកាលបរិច្ឆេទរៀបចំកិចប្រជុំ ហើយវាជារឿងខកចិត្តដែលបានស្ដាប់ឮបែបនេះ។ មេដឹកនាំអាស៊ានបានដឹងយ៉ាងច្បាស់ថាវាពិតជាពិបាក សម្រាប់មេដឹកនាំនៃប្រទេសមហាអំណាច ជាពិសេសប្រទេសមហាអំណាចជាដៃគូ ក្នុងការចំណាយពេលពេញមួយសប្ដាហ៍ចូលរួមក្នុងកិច្ចប្រជុំទាំងអស់ រហូតទាល់តែមានការសម្របសម្រួលកម្រិតខ្ពស់ ដើម្បីរៀបចំកាលបរិច្ឆេទជាថ្មី ធ្វើដូច្នេះទើបភ្ញៀវមកពីប្រទេសជាមហាអំណាចអាចចូលរួមគ្រប់ព្រឹត្តិការណ៍ទាំងអស់បាន។

ដូច្នេះវាអាចនឹងមានសម្ពាធផ្នែកការទូតមួយចំនួន នៅក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន ខណៈនេះជាឱកាសដ៏កម្រមួយដើម្បីបង្ហាញពីប្រទេស និងការតស៊ូអត់ធ្មត់របស់ពួកគេ។ នេះជារឿងមួយអាចយល់បាន ប៉ុន្តែវាក៏មិនត្រូវប្រែក្លាយជាល្អក់កករ និងបង្កផលវិបាកដោយអចេតនា ដែលអាចនាំឱ្យខូចដល់ប្រវិត្តរូបល្អរបស់អាស៊ាន និងបំផ្លាញដល់ទំនាក់ទំនងទ្វេភាគីនោះដែរ។

ការវិវត្តដ៏វិជ្ជមានមួយនោះគឺថាប្រធានអាស៊ានត្រូវតែបង្កើតការប្រស្រ័យទាក់ទងគ្នា ជាមួយបេសកជនពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer។ លោកស្រី បានចាប់ផ្ដើមជំនួបដ៏ល្អជាមួយប្រធានអាស៊ានកាលពីសប្ដាហ៍មុន ដោយបានសន្យាថា នឹងធ្វើការងារជាមួយគ្នាយ៉ាងជិតស្និទ ដើម្បីជំរុញឱ្យមានការអនុវត្តតាមគោលការណ៍កង់សងស៊ីស ៥ចំណុច។ កម្ពុជាបានបង្កើតហើយដែរនូវយន្ដការមួយមានឈ្មោះថា «Troika» ដែលរួមមានប្រធានអាស៊ានអាណត្តិមុន, ប្រធានអាស៊ានបច្ចុប្បន្ន និងអនាគតប្រធានអាស៊ាន ដែលត្រូវសហការជាមួយ អគ្គលេខាធិការអាស៊ាន។
ការធ្វើការងាររួមគ្នាជាមួយភាគីពាក់ព័ន្ធ អាទិភាពបន្ទាន់ដែលត្រូវធ្វើគឺស្វែងរកដំណោះស្រាយបញ្ឈប់អំពើហិង្សា និងការអនុវត្តបទឈប់បាញ់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈបន្តរក្សាគោលការណ៍កង់សង់ស៊ីស ៥ចំណុច និងផ្ដល់ជំនួយមនុស្សធម៌។ ខណៈការប្រយុទ្ធគ្នានៅតែបន្តកើតរវាងយោធាមីយ៉ាន់ម៉ា និងក្រុមចលនាតស៊ូ។

លោកស្រី Noeleen Heyzer ជាអ្នកវិទ្យាសាស្ត្រសង្គមជាតិសិង្ហបុរីមួយរូប និងជាអតីតប្រធានគណៈកម្មការអង្គការសហប្រជាជាតិទទួលបន្ទុកសេដ្ឋកិច្ច និងសង្គមសម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក ឬហៅកាត់ថា (Escap) មិនមែនជាមនុស្សចម្លែកសម្រាប់តំបន់នោះទេ។ លោកស្រីធ្លាប់បាន ធ្វើការយ៉ាងជិតស្និទជាមួយអតីតអគ្គលេខាធិការអាស៊ាន លោក Surin Pitsuwan កំឡុងវិបត្តិបង្កឡើងដោយព្យុះស៊ីក្លូន Nargis កាលពីឆ្នាំ២០០៨ ដើម្បីផ្ដល់ជំនួយមនុស្សធម៌ដល់បណ្ដាភូមិរងផលប៉ះពាល់នៅក្នុងតំបន់ដីសណ្ដរ Irrawaddy នៃប្រទេសមីយ៉ាន់ម៉ា។ បទពិសោធន៍នៅក្នុងដៃរបស់ លោកស្រីនឹងក្លាយជាទ្រព្យមួយដ៏សំខាន់ ក្នុងផ្សាភា្ជប់គម្លាតនៃសេចក្ដីប្រាថ្នារបស់តំបន់ និងសកលលោក រួមទាំងការរៀបចំឡើងវិញនូវផែនការ ការងារនានា។ កាលពីឆ្នាំមុន អង្គការសហប្រជាជាតិ មិនអាចសម្រេចបានកិច្ចការចេញជាលទ្ធផលបានច្រើនឡើយ ក្រៅតែពីការឆ្លុះបញ្ចុះពីស្ថានភាព នៅក្នុងប្រទេសមីយ៉ាន់ម៉ា ទោះជាបីជាមានកិច្ចប្រជុំកម្រិតក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិជាច្រើនលើកក៏ដោយ។

កិច្ចប្រជុំចង្អៀតដែលនឹងឈានចូលមកដល់នៅពេលខាងមុខនេះគឺពិតជាមានសារៈសំខាន់ជាទីបំផុត ដើម្បីបង្កើតនូវរបៀបវារៈរួមសម្រាប់អាស៊ាន ដែលនឹងត្រូវបានប្រើប្រាស់ក្នុងការចូលរួមជាមួយដៃគូសន្ទនា និងអង្គការសហប្រជាជាតិ។ ដើម្បីបន្តការអនុវត្តយ៉ាងពេញលេញនូវគោលការណ៍ កុងសង់ស៊ីសចំនួន ៥ចំណុច (សម្រាប់មីយ៉ាន់ម៉ា) ភាគីពាក់ព័ន្ធទាំងអស់ដែលកំពុងប្រយុទ្ធគ្នា ត្រូវតែអង្គុយនៅឯតុចរចាឱ្យបានឆាប់ ឬនៅពេលណាមួយ។ វាជាការចាប់ផ្ដើមមួយដ៏ល្អ ដែលបេសកជនពិសេសអាស៊ាន មានគម្រោងបំពេញទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា ក្រោយកិច្ចប្រជុំចង្អៀត៕

ប្រភព៖ Bangkok Post (ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២)