(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីការពង្រឹងវិធានការ សុវត្ថិភាពសុខភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីណែនាំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

សេចក្ដីណែនាំ បានឲ្យដឹងថា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាត យ៉ាងឆាប់រហ័សនៃវីរុសបម្លែងខ្លួនប្រភេទដែលតា ឬអូមីក្រុង នៅក្នុង គ្រឹះស្ថានសិក្សា សាធារណៈ និងឯកជន ក្រសួងអប់រំ សូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន នូវចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

១៖ ពង្រឹងការអនុវត្តវិធានការសុខាភិបាល, ការពាក់ម៉ាស់ការពារ ឲ្យបានខ្ជាប់ខ្លួន និងការរក្សាគម្លាតសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់
២៖ ត្រួតពិនិត្យសុខភាព និងអាការៈ របស់គ្រូបង្រៀន បុគ្គលិកអប់រំ និងសិស្សានុសិស្ស ឲ្យបានជាប្រចាំក្នុងករណីមានកម្តៅលើសពី៣៧,៥អង្សាសេ ឬមានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើមត្រូវណែនាំ ឲ្យទៅរកសេវាសុខាភិបាលសមស្រប និងអនុញ្ញាតឲ្យឈប់សម្រាក
រហូតបានធូរស្រាលសុខភាពជាប្រក្រតី ទើបត្រឡប់មកបំពេញភារកិច្ច និងបន្តការសិក្សាដោយផ្ទាល់នៅគ្រឹះស្ថានសិក្សាវិញ
៣៖ អនុវត្តការបង្រៀន និងរៀនតាមបណ្តុះ (សិស្សមិនលើសពី ២០ នាក់) និងឆ្លាស់វេន ចំពោះគ្រឹះស្ថានសិក្សាដែល មានចំណុះសិស្សច្រើន រួមជាមួយនិងការបង្រៀននិងរៀនតាមអនឡាញ។

ទទួលសេចក្តីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕