(កំពង់ឆ្នាំង)៖ បុរសស្ត្រីជាប្ដីប្រពន្ធ បានរងរបួសធ្ងន់ដោយសារជនមិនស្គាល់មុខ កាប់នឹងពូថៅនៅលើទូក ដែលជាកន្លែងដាក់លបក្នុងព្រៃ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០យប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ នៅចំណុចឆ្លែង ក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២ បាននិយាយតាមទូរសព្ទឱ្យដឹងថា ជនរងគ្រោះប្តីឈ្មោះ អេង ថា អាយុ៣១ឆ្នាំ និងប្រពន្ធឈ្មោះ អាត់ ស្រីមុំ អាយុ៣១ឆ្នាំ ជាកសិករប្រកប មុខរបរនេសាទ រស់នៅក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវជាកូនរបស់លោក អៀន អុន មេភូមិសេះស្លាប់។

លោកមេឃុំឆ្នុកទ្រូ បានបញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះទាំងពីរនាក់ខាងលើនេះ ត្រូវបានជនមិនស្គាល់មុខកាប់ជាច្រើនពូថៅនៅលើផ្ទៃមុខ ប៉ុនប៉ងសម្លាប់។ ករណីនេះ សង្ស័យថាជារឿងគំនុំ។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារបានដឹកជនរងគ្រោះតាមរថយន្តគិលានសង្គ្រោះបន្ទាន់ ទៅមន្ទីរពេទ្យលោកសង្ឃ រាជធានីភ្នំពេញដើម្បីសង្គ្រោះជីវិត។

ករណីខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញកំពុងបើកការស៉ើបអង្កេតស្រាវជ្រាវ ដើម្បីវែកមុខរកជនដៃដល់ចាត់ការតាមផ្លូវច្បាប់៕