(កំពង់ចាម)៖ លោក ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានផ្ដល់រង្វាន់ជាម៉ូតូ និងថវិកាមួយចំនួនដល់សិស្សប្រឡងជាប់និទ្ទេស A ចំនួន ១៣នាក់ ជាសិស្សរៀននៅវិទ្យាល័យ ចំនួន៣ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

សិស្សប្រឡងជាប់និទ្ទេស A ចំនួន ១៣នាក់ ក្នុងស្រុកស្ទឹងត្រង់នោះ គឺនៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់ ចំនួន ០៨នាក់, វិទ្យាល័យ ហ៊ុន សែន មេសជ្រៃ ចំនួន ០២នាក់ និងវិទ្យាល័យ ហ៊ុន សែន ពាមកោះស្នា ចំនួន ០៣នាក់។

មានប្រសាសន៍ទៅកាន់ក្មួយៗ ចៅៗ និងមាតាបិតា អាណាព្យាបាលសិស្សនាឱកាសនោះ លោក ហ៊ុន ណេង បានគូសបញ្ជាក់ថា នេះគឺជាកិត្តិយស ដ៏ធំធេងសម្រាប់ក្មួយៗ ចៅៗ ខ្លួនឯងផ្ទាល់ក៏ដូចជា ក្រុមគ្រួសារ និងជាកិត្តិយស របស់អាជ្ញាធរមូលដ្ឋានផងដែរ ដែលក្មួយៗ បានខិតខំរៀនសូត្ររហូតប្រឡងជាប់បាននិទ្ទេស A។

លោក ហ៊ុន ណេង បន្តថា ចៅៗ ក្មួយៗ ទាំងអស់គ្នា បានដឹងហើយថា ឆ្លងកាត់ការលំបាកជាច្រើន ជាពិសេស ឧបសគ្គនៃការឆ្លងរាលដាល នៃជម្ងឺកូវីដ១៩ នៅទូទាំងពិភពលោក ក៏ដូចជានៅក្នុងតំបន់ តែក្មួយៗ ចៅៗ នៅតែតស៊ូព្យាយាម ខិតខំរៀនសូត្រ ជំនះនូវរាល់ឧបសគ្គចំពោះមុខ រហូតទទួលបានលទ្ធផលផ្លែផ្កាដូចពេលនេះ។ ដូច្នេះដើម្បីជាការឆ្លើយតបទៅនឹងកិច្ចខិតខំរបស់ក្មួយៗ ចៅៗ នាពេលនេះ ក្នុងនាមលោក ជាអ្នកទទួលខុសត្រូវ ក្នុងស្រុកស្ទឹងត្រង់ ក៏សូមចូលរួមអបអរសាទរ និងចូលរួមផ្ដល់ការលើកទឹកចិត្តចំពោះ ក្មួយៗ ចៅៗ ជាមធ្យោបាយ និងថវិកា មួយចំនួន ដើម្បី ក្មួយៗ ចៅៗ ប្រើប្រាស់ ក្នុងអំឡុងពេលបន្តការសិក្សា នៅកម្រិតឧត្ដមសិក្សាទៀត។

ម្យ៉ាងទៀត ការផ្ដល់ការលើកទឹកចិត្ត នាថ្ងៃនេះ វាក៏ជាគំរូដ៏ល្អ សម្រាប់ក្មួយៗ ចៅៗ ជំនាន់ក្រោយ ឲ្យខិតខំប្រឹងប្រែងរៀនសូត្របានពូកែ ដើម្បីមានឱកាសទទួលបានរង្វាន់ដូចពេលនេះផងដែរ។ ជាមួយគ្នានោះ លោកតំណាងរាស្ត្រ បានផ្តាំផ្ញើ ដល់ក្មួយទាំងអស់ ត្រូវខិតខំរៀនសូត្របន្តទៅមុខទៀត ជាពិសេស ការក្រេបជញ្ជក់យកចំណេះដឹង ក្នុងអំឡុងពេលបន្តការសិក្សា នៅថ្នាក់កម្រិតឧត្ដមសិក្សា ដើម្បី ក្លាយខ្លួនជាកូនល្អ យុវជនល្អ និងជាពលរដ្ឋល្អ ហើយយកចំណេះដឹង និងសមត្ថភាពនោះ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ឲ្យកាន់តែរីកចំរើនទ្វេរឡើង។

សូមបញ្ជាក់ថា រង្វាន់លើកទឹកចិត្តរបស់លោក ហ៊ុន ណេង ផ្ដល់ជូនសិស្សជាប់និទ្ទេស A ទាំង១៣នាក់ ក្នុងម្នាក់ៗទទួលបាន ម៉ូតូ ១គ្រឿង និងថវិកាចំនួន២០ម៉ឺនរៀល៕