(ព្រះសីហនុ)៖ អាត្រានៃភ្ញៀវទេសចរអន្តរជាតិដែលចូលមកទស្សនានៅបណ្ដាប្រទេសអាស៊ានបូកបី មានការធ្លាក់ចុះដល់ទៅប្រមាណ ៨១.៥% នៅឆ្នាំ២០២០ ដូច្នេះហើយរដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូកបីក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីជំរុញចលនាទេសចរណ៍ក្នុងប្រទេសអាស៊ានបូកបីឡើងវិញ។

ការប្ដេជ្ញានេះធ្វើឡើងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) លើកទី២១ តាមទម្រង់ Hybrid (ដោយផ្ទាល់ និងតាមវីដេអូខនហ្វើរិន) នៅក្រុងព្រះសីហនុ ដែលដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងសហប្រធាន លោក អូហ៍ យ៉ុងវូ (OH Yeong-Woo) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងកីឡានៃសាធារណរដ្ឋកូរ៉េ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ចិន ជប៉ុន និងកូរ៉េ អគ្គលេខាធិការអាស៊ាន មជ្ឈមណ្ឌលអាស៊ាន ចិន ជប៉ុន និងកូរ៉េ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សរុបប្រមាណ១០០នាក់។

រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការធ្លាក់ចុះទេសចរអន្តរជាតិប្រមាណ ៨១.៥% នៅឆ្នាំ២០២០ ដែលបានធ្វើប៉ះពាល់ដល់ការងាររាប់លាននាក់ដោយសារការបិទអាជីវកម្ម និងការរឹតបន្តឹងការធ្វើដំណើរជាដើម។

នៅចំពោះមុខស្ថានភាពដ៏លំបាកនេះ រដ្ឋមន្រ្តីទេសចរណ៍អាស៊ានបូកបីបានស្វាគមន៍ដល់ការចាប់ផ្តើមនៃការបើកទេសចរណ៍អាស៊ានឡើងវិញ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) ឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីពិនិត្យលទ្ធភាពជំរុញទេសចរណ៍ក្នុងប្រទេសអាស៊ានបូកបី ដោយតម្កល់សុវត្ថិភាព និងសុខមាលភាពរបស់ទេសចរជាចម្បង។

រដ្ឋមន្ត្រីបូកបីបានសម្តែងការកោតសរសើរចំពោះកម្ពុជា ដែលធ្វើឲ្យវេទិកាទេសចរណ៍អាស៊ានកើតមានឡើងដោយផ្ទាល់នៅលើទឹកដីខេត្តព្រះសីហនុ ក្នុងស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩ និងក្នុងការដឹកនាំរៀបចំគោលការណ៍ណែនាំអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍ និងឡាប៊ែល «អាស៊ាន៖ ភាពកក់ក្តៅ និងសុវត្ថិភាព ASEAN Stamp: Warm & Safe»

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបីបានវាយតម្លៃផងដែរលើលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបីឆ្នាំ២០២១-២០២៥ ដែលផ្តោតលើចំណុចសំខាន់ចំនួនពីរ រួមមាន៖ ១. ការស្តារវិស័យទេសចរណ៍ប្រទេសអាស៊ានបូកបីឡើងវិញ និង ២. ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង សំដៅដល់ការអភិវឌ្ឍទេសចរណ៍អាស៊ានបូកបីប្រកបដោយចីរភាព ការទទួលខុសត្រូវ និងមានភាពធន់កាន់តែប្រសើរឡើង៕