(សៀមរាប)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច មានបន្ទូលអំពាវនាវដល់សមាជិក សមាជិកា គណបក្សហ៊្វុនស៊ិនប៉ិចទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នា ដើម្បីឱ្យគណបក្សហ៊្វុនស៊ិនប៉ិចមានអាសនៈ ក្នុងរដ្ឋសភាសម្រាប់ចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ។

ការមានបន្ទូលអំពាវនាវបែបនេះរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានធ្វើឡើងនៅក្នុងឱកាសដែលព្រះអង្គបានយាងចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំខេត្ត/ស្រុក និងរចនាសម្ព័ន្ធគណបក្ស ទូទាំងខេត្តសៀមរាប នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២២នេះ នៅទីស្នាក់ការគណបក្សខេត្ត ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដែលមានសមាជិក សមាជិកា ចូលរួមសរុបជាង ៣០០នាក់។

តាមលោក ញឿន រ៉ាដែន អ្នកនាំពាក្យ នៃគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ថា ព្រះអង្គម្ចាស់ ចក្រាវុធ បានមានបន្ទូលទៅកាន់សមាជិកសមាជិកា ឱ្យរួបរួមសា មគ្គីគ្នា ដើម្បីគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈសម្រាប់ការបោះឆ្នោត នាពេលខាងមុខ ហើយនឹងជាគណបក្សមានកម្លាំងដ៏រឹងមាំ សម្រាប់ចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិ ផងដែរ។

បើតាមលោក ញឿន រ៉ាដែន បានថ្លែងងា នេះជារាជធានី-ខេត្តទី ៨ហើយ ដែលព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់បានយាងចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សហ៊្វុនស៊ិនប៉ិច។

នាឱកាសនោះដែរ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទ្រង់មានបន្ទូលណែនាំដល់សមាជិក សមាជិកគណបក្សហ្វ៊ុនស៊ិនប៉ិច នៅមូលដ្ឋានខេត្តសៀមរាប ពីការងាររបស់គណបក្ស ដើម្បីត្រៀមលក្ខណៈចូលរួមក្នុងការបោះឆ្នោតជ្រើសរើសមាជិក ក្រុមប្រឹក្សាឃ្មុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងគោលនយាយរបស់គណបក្សជាដើម។ ព្រះអង្គម្ចាស់ ទ្រង់ក៏មានបន្ទូលក្រើនរំលឹកឱ្យប្រជាពលរដ្ឋបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ១៩។

នាឱកាសនោះដែរ ក្រុមការងារបោះឆ្នោត និងគណកម្មាធិការប្រតិបត្តិ នៃគណបក្សហ៊្វុនស៊ិនប៉ិច នៅខេត្តសៀមរាប និងសមាជិក សមាជិកាគ្រប់លំដាប់ជាន់ថ្នាក់ទូទាំងខេត្ត បានប្តេជ្ញាគាំទ្រ ដង្ហែតាមការដឹកនាំព្រះអង្គ នរោត្តម ចក្រាវុធ ជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីដឹកនាំបន្តពី ព្រះបិតារបស់ព្រះអង្គ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឱ្យគង់វង្សជាអមតៈ ក្នុងការចូលរួមបោះឆ្នោតប្រកបដោយសក្កានុពល ជោគជ័យនាពេលអនាគត់ខាងមុខ។

សូមជម្រាបថា ព្រះអង្គម្ចាស់ ចក្រាវុធ បានប្រកាសថាទ្រង់នឹងយាងចុះទៅតាមបណ្ដារាជធានី-ខេត្ត ផ្សេងៗទៀត ដើម្បីប្រមែប្រមូលអ្នករាជានិយម និងអ្នកគាំទ្រឡើង ដើម្បីធ្វើឱ្យគណបក្សហ៊្វុនស៊ិនប៉ិច ក្លាយជាកម្លាំងជាតិដ៏រឹងមាំ ហើយនឹងបន្តចូលរួមថែរក្សា ការពារសន្តិភាព ស្ថេរភាព នយោបាយ និងការអភិវឌ្ឃន៍ ដែលជាសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ៕