(ភ្នំពេញ)៖ ឆ្នាំ២០២១ នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបចំនួន ៦ ៣១៨ ៤៦៥ ដុល្លារអាមេរិក និង ៥៦ ៣៥១ ៥៨៧ ៥០០ រៀល (ជាង១៣លានដុល្លារ) ដោយរួមបញ្ចូលទាំងថវិកាបរិច្ចាគចំនួន ១ ៤៧៤ ៥៥៨ ដុល្លារអាមេរិក ដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់ នៅមន្ទីពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (ឬមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប) និងថវិកាទទួលបានពីហិបបរិច្ចាគនៅតាមទីតាំងសំខាន់ៗ។

សេចក្តីប្រកាសព័ត៌មាន របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានបញ្ជាក់ទៀតថា ក្នុងពេលជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ៤ ៥២១ ៦៣០ ដុល្លារអាមេរិក និង ២០០ ០០០ ០០០ រៀល ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរក្សានិរន្តរភាពនៃកិច្ចដំណើរការ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់កុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសប្បុរសជនទាំងអស់ ចំពោះការបន្តគាំទ្រ និងបរិច្ចាគថវិកា ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ និងធានាឲ្យបាននូវកិច្ចដំណើរការប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាព របស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង សំដៅលើកកម្ពស់ សុខុមាលភាពកុមារ និងទារក នៅកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមបន្តលើកទឹកចិត្តដល់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ឲ្យបន្តចូលរួមបរិច្ចាគជាសមាជិកដែលរួមមាន៖ (១) សមាជិកកិត្តិយស បរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ បរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់)រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈមធ្យោបាយបរិច្ចាគ ដោយឥតគិតថ្លៃសេវា ជាមួយបណ្តាធនាគារដៃគូដែលរួមមាន ធនាគារ Canadia, ធនាគារ ACLEDA, ធនាគារ ABA, ធនាគារ Chip Mong, ធនាគារ Wing, ធនាគារ Sathapana, ធនាគារ J Trust Royal និង ភ្នាក់ងារ True Money ឬធ្វើការទំនាក់ទំនងមកកាន់លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈលេខទូរសព្ទ ០៦១ ៧០ ១១១១។

សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង ៥ទីតាំងនៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមបរិច្ចាគថវិកាពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស៕