(កំពង់ឆ្នាំង)៖ ក្រុមអ្នកសារព័ត៌មាន នៅក្នុងខេត្តកំពង់ឆ្នាំង រួមនឹងលោកមេឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បាននាំយកអំណោយរបស់លោក ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ទៅប្រគល់ជូនក្រុមគ្រួសារប្ដី ប្រពន្ធ២នាក់ ដែលរងរបួសធ្ងន់ធ្ងរ ដោយត្រូវជនល្មើសមិនស្គាល់មុខលួចកាប់ប៉ុនប៉ងសម្លាប់នៅក្នុងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ និងដែលពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃក្រុងភ្នំពេញ និងបានបន្សល់ទុកកូនតូចៗចំនួន៣នាក់ នៅជាមួយជីដូន និងជីតាក្នុងភូមិសេះស្លាប់។

លោក ស៊ុន សុវណ្ណរិទ្ធិ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានខាងលើនេះ ក្នុងនាមលោកជាអភិបាលខេត្តកំពង់ឆ្នាំង និងក្នុងនាមលោកប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង លោកសូមចូលរួមសំដែងនូវការសោកស្ដាយ ចំពោះហេតុការណ៍ខាងលើនេះដែលបានកើតឡើង មកលើជនរងគ្រោះ២នាក់ ប្ដីប្រពន្ធ ជាប្រជានេសាទ នៅក្នុងភូមិសេះស្លាប់។

ក្នុងករណីនេះលោកក៏បានបញ្ជាឱ្យសមត្ថកិច្ចជំនាញចុះស៊ើបអង្កេត និងស្រាវជ្រាវឱ្យបានម៉ឺងម៉ាត់ ដើម្បីចាប់ខ្លួនជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់។ ដូច្នេះ ដើម្បីឆ្លើយតបក្នុងការជួយសង្គ្រោះក្រុមគ្រួសារជនរងគ្រោះ លោកបានផ្ដល់អំណោយតាមរយៈក្រុមអ្នកសារព័ត៌មានរួមមាន៖ អង្ករ១០០គីឡូក្រាម, មី១កេស, ទឹកត្រី១ យួរ, ត្រីខ ១០កំប៉ុង, ម៉ាស់១ប្រអប់ និងថវិកាចំនួន៥០ម៉ឺនរៀល។

ក្នុងឱកាសដែលមិនបាននាំយកអំណោយចែកជូនគ្រួសារជនរងគ្រោះខាងលើនេះ លោក សាំងគឹមស៊ន មេឃុំឆ្នុកទ្រូ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានយក ចិត្តទុកដាក់គិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះខាងលើនេះ។

រីឯក្រុមប្រឹក្សាឃុំឆ្នុកទ្រូ កាលពីព្រឹកមិញ ក៏បានផ្ដល់អំណោយជាថវិកាចំនួន ៦០ម៉ឺនរៀល ដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។ ក្នុងនាមក្រុមប្រឹក្សាឃុំឆ្នុកទ្រូ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអភិបាលខេត្ត និងជាប្រធានគណបក្សខេត្ត ឱ្យតែងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ លោកក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះខាលើនេះ និងជួយឧបត្ថម្ភដល់កូនតូចៗទាំង៣នាក់ដែលកំពុងរស់នៅជាមួយនឹងជីដូនជាបន្តទៀតដរាបឪពុកម្ដាយ របស់គេបានជាសះស្បើយឡើងវិញ៕