(ភ្នំពេញ)៖ ក្រុមចោរដែលតែងធ្វើសកម្មភាពបន្លំលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅតាមកន្លែងប្ដូរប្រាក់ ឬកន្លែងវេរលុយនោះ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធស្រាវជ្រាវ ចាប់ខ្លួនបានជាបន្ដបន្ទាប់ ចំនួន១២នាក់ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះថា ប្រតិបត្តិការនេះធ្វើឡើង ក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

បើតាមលោកវរសេនីយ៍ឯក ខេង ម៉េងឈាង ប្រតិបត្តិការនេះនៅថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០២២ វេលាម៉ោង ១២៖១៥នាទីរំលងអធ្រាត្រត្រង់ចំណុចសណ្ឋាគារ វល្លិ៍ មាស ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កម្លាំងជំនាញនាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ ស្នងការដ្ឋាននគរបាលខេត្តកំពត និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់។ ក្រុមជនសង្ស័យទាំងអស់នេះ ពាក់ព័ន្ធការធ្វើសកម្មភាពរួមគ្នាដើម្បីលួចលុយ នៅកន្លែងវេរលុយ និងដូរលុយ។

ក្នុងនោះ រួមមាន៖ ទី១៖ឈ្មោះ យ័ន្ត វ៉ា អាយុ៦១ឆ្នាំ, ទី២៖ឈ្មោះ សុខ រ៉ា អាយុ៣៧ឆ្នាំ, ទី៣៖ឈ្មោះ វ៉ា វិចិត្រ អាយុ ៤៣ឆ្នាំ, ទី៤៖ឈ្មោះ អ៊ន យ៉ាណូ អាយុ៣៩ឆ្នាំ, ទី៥៖ ឈ្មោះ គឿន ចរិយា ភេទស្រី អាយុ១៨ឆ្នាំ, ទី៦៖ឈ្មោះ ហោម ឡាង ភេទស្រី អាយុ២៨ឆ្នាំ, ទី៧៖ឈ្មោះ ឈុំ ភិន ភេទស្រី អាយុ៥៥ឆ្នាំ ពាក់ព័ន្ធករណីលួច កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិថ្មី ឃុំជំពូវន្ត ស្រុកជុំគីរី ខេត្តកំពត។

ក្រោយមកនៅវេលាម៉ោង០១៖១៥នាទី ត្រង់ចំណុចផ្ទះសំណាក់ សេង ឆេងហាក់ ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កម្លាំងជំនាញបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់ រួមមាន៖ ទី១៖ឈ្មោះ ទី ឆុង អាយុ៤៥ឆ្នាំ, ទី២៖ឈ្មោះ សុខ ចាន់រ៉ែន អាយុ៣៧ឆ្នាំ និងទី៣៖ឈ្មោះ នេត ថា អាយុ៣២ឆ្នាំ។

លុះដល់វេលាម៉ោង០១៖៤៥នាទី ត្រង់ចំណុចផ្ទះសំណាក់ពន្លឺពេជ្រ ភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កម្លាំងជំនាញបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់បន្ថែមទៀត រួមមាន៖ ទី១៖ឈ្មោះ ស្រី សំអឿន អាយុ៥១ឆ្នាំ និងទី២៖ឈ្មោះ ចាន់ ដា ភេទស្រី អាយុ៤២ឆ្នាំ។

សម្ភារដកហូតរួមមាន៖

ទី១៖ រថយន្តម៉ាក Lexus RX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2W-1584
ទី២៖ រថយន្តម៉ាក HIGHLANDER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AB-4407
ទី៣៖ ម៉ូតូម៉ាក DREAM125 2021 ពាក់ផ្លាកលេខភ្នំពេញ 1IP-7088
ទី៤៖ ម៉ូតូម៉ាក DREAM125 2021 ពាក់ផ្លាកលេខភ្នំពេញ 1IV-4359
ទី៥៖ ម៉ូតូម៉ាក DREAM125 2021 ពាក់ផ្លាកលេខភ្នំពេញ IU-7595។

បច្ចុប្បន្ន ជនសង្ស័យចំនួន១២នាក់ខាងលើ ត្រូវបាននាំមកកាន់នាយកដ្ឋាន ដេីម្បីធ្វេីការសាកសួរ និងប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់ការបន្តតាមនីតិវិធី៕