(ត្បូងឃ្មុំ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារ ចុះជួយស្រុកត្បូងឃ្មុំ មេមត់ ក្រូចឆ្មារ និងក្រុងសួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញសំណេះសំណាល និងផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងឆ្នាំ២០២១ មកពីស្រុកក្រុងចំនួន៤គឺ ស្រុកត្បូងឃ្មុំ ស្រុកមេមត់ ស្រុកក្រូចឆ្មារ និងក្រុងសួង សរុបចំនួន ១,៥៦០នាក់។

ក្នុងឱកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួង ក្រុមការងារចុះជួយខេត្ត លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ, លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាយក-នាយករងសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដែលប្រឡងជាប់ នៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ។

សូមជម្រាបថាសិស្សនិទ្ទេស A ចំនួន៣៨នាក់ ដែលទទួលថវិកាជាកាដូលើកទឹកចិត្តនាពេលនេះ គឺមកពីចំនួន០៤ស្រុកប៉ុណ្ណោះ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥០០ដុល្លារ ខណៈនៅទូទាំងខេត្តត្បូងឃ្មុំ ជាប់និទ្ទេស A មានចំនួន ៥៤នាក់ និងជាប់ជាស្ថាពរសរុប ២,៩៤៤នាក់។

ថ្លែងទៅកាន់ក្មួយៗសិស្សានុសិស្ស និងមាតាបិតា អាណាព្យាបាលសិស្ស លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសាទរចំពោះជោគជ័យក្នុងការខិតខំសិក្សា នេះគឺជាកិត្តិយស ដ៏ធំធេងសម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជាក្រុមគ្រួសារ និងជាកិត្តិយសរបស់អាជ្ញាធរ នៅក្នុងមូលដ្ឋានផងដែរ ដែលប្អូនៗក្មួយៗ បានខិតខំរៀនសូត្ររហូតប្រឡងជាប់ ជាពិសេសរហូតទទួលបាននិទ្ទេស A។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានកោតសរសើរក្នុងការខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលផ្លែផ្កានាពេលនេះ ដែលជាការឆ្លងកាត់ការលំបាកជាច្រើន ជាពិសេសឧបសគ្គនៃការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ នៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា។

ជាការឆ្លើយតបទៅនឹងកិច្ចខិតខំរបស់ក្មួយៗ ក្នុងនាមលោកជាអ្នកទទួលខុសត្រូវ ក្នុងស្រុកក្រុងទាំង០៤នេះ ក៏សូមចូលរួមអបអរសាទរ និងចូលរួមផ្ដល់ការលើកទឹកចិត្តនូវថវិកាមួយចំនួន ដើម្បីក្មួយៗប្រើប្រាស់ឱ្យចំគោលដៅ ក្នុងអំឡុងពេលបន្តការសិក្សា នៅកម្រិតឧត្ដមសិក្សា។

ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្របន្តទៅមុខទៀត ជាពិសេសក្រេបជញ្ជក់យកចំណេះដឹង ក្នុងអំឡុងពេលបន្តការសិក្សា នៅថ្នាក់កម្រិតឧត្ដម ដើម្បីក្លាយខ្លួនជាកូនល្អ យុវជនល្អ និងជាពលរដ្ឋល្អ ហើយយកចំណេះដឹង និងសមត្ថភាពនោះ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិឱ្យកាន់តែរីកចម្រើនទ្វេរឡើង។

ក្នុងឱកាសសំណេះសំណាលនោះ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់៖

*និទ្ទេស A ចំនួន៣៨នាក់ ក្នុងម្នាក់ ៥០០ដុល្លារ
*និទ្ទេស B C D E ចំនួន១,៥២២នាក់ ក្នុងម្នាក់ ១០០,០០០រៀល
*ប្រធានការិយាល័យអប់រំស្រុក នាយក-នាយិកាវិទ្យាល័យ ចំនួន១៩នាក់ ក្នុងម្នាក់១០០ដុល្លារ និងអនុប្រធានការិយាល័យអប់រំស្រុក នាយក-នាយករងវិទ្យាល័យចំនួន ៣៤នាក់ ក្នុងម្នាក់៥០ដុល្លារ សរុបថវិកាទាំងអស់ ៥៩,៩៧២ដុល្លារ៕